(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលស្វាគមន៍លោក ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដែលអញ្ជើញចូលជួបសម្តែងការគួរសម និងស្នើសុំបន្ថែមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅជុំវិញស្ថានទូតថៃ និងស្ថានកុងស៊ុលនៅខេត្តសៀមរាប ខណៈពេលដែលប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនាពេលខាងមុខ។

ដើម្បីឲ្យដំណើរការបោះឆ្នោតក្រៅប្រទេស ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព លោក ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) បានស្នើសុំឲ្យជួយគាំទ្រការពារទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់នៅបរិវេណ និងទីតាំងដែលមានរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងជំនួបនេះ ភាគីថៃបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធកិច្ចការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលថៃធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកន្លងមកផងដែរ។

ក្រៅពីនោះ លោក ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ក៏បានលើកឡើងពីកិច្ចការនគរបាល និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលកំពុងមាននិន្នាការកើនឡើងជាសកល គឺល្បែងអនឡាញខុសច្បាប់ជាដើម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងទទួលយកនូវរាល់បទពិសោធន៍ និងការប្រឹក្សាយោបល់ពាក់ព័ន្ធដំណើរការ នៃកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងអំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេម។

ពាក់ព័ន្ធការស្នើសុំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសថៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានសម្តែងការស្វាគមន៍ និងបានរៀបចំចាត់ចែងកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីផ្តល់ជូននៅកិច្ចការពារតាមការស្នើសុំឲ្យបានល្អប្រសើរ។

ដោយឡែក សម្រាប់ការប្រយុទ្ធប្រឆាំងល្បែងហ្គេមអនឡាញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលនៅប្រទេសកម្ពុជា បានធ្វើការបង្ក្រាបបានស្ទើតែទាំងស្រុង នៅទីតាំងហ្គេមអនឡាញធំៗគ្រប់ប្រភេទ លើកលែងតែមានករណីមួយចំនួនតូច ដែលបានលួចលាក់ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូ ក៏ប៉ុន្តែកិច្ចការនេះនគរបាលជាតិកម្ពុជា នៅតែបន្តបង្ក្រាបដូចភ្លៀងរលឹម។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតថៃ បានសម្តែងនូវមនោសញ្ចេតនា និងការដាក់ជំនឿចិត្តខ្ពស់ ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានថ្លែងការកោតសរសើរ ចំពោះការដាក់ចេញនូវបទបញ្ជាបង្រ្កាបបទល្មើសឆ្លងដែន និងការចង្អុលដឹកនាំអនុវត្តកិច្ចប្រតិបត្តិការដោយផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងល្បែងអនឡាញខុសច្បាប់ ដែលទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ។

សូមជម្រាបថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសថា ប្រទេសថៃនឹងប្រារព្ធការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ក្រោយការរំលាយសភា ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ​ ចាន់អូចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការប្រកាសកាលបរិច្ឆេទខាងលើកើតមានឡើង ស្របពេលដែលគណបក្សនយោបាយថៃនានា កំពុងបង្កើនយុទ្ធនាការឃោសនារបស់ខ្លួនជាផ្លូវការ នៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ដែលទំនងនឹងក្លាយជា ការប្រកួតប្រជែងចម្បងរវាងក្រុមគណបក្សគាំទ្រយោធា ដែលដឹកនាំលោក ប្រាយុទ្ធ ចាន់អូចា ​និងគណបក្សប្រឆាំងធំបំផុត គឺគណបក្សភឿថៃ៕