(ភ្នំពេញ)៖ យុវជនអង្គការសង្គមស៊ីវិលមួយក្រុម បានចេញមុខ​លាត​​​ត្រដាង​នយោ​បាយខ្មៅ​របស់ជនក្បត់ជាតិ សម រង្ស៉ី ដែលពួកគេចាត់ទុកជា​គ្រោះ​ថ្នាក់​ដ៏​ធំ​សម្រាប់ជាតិ។ ក្រុមយុវជនដែលធ្លាប់ដើរតាមបន្ទាត់នយោ​បាយរបស់ទណ្ឌិត សម រង្ស៉ី ទាំងនេះ បានប្រកាសប្តេជ្ញាកម្ចាត់នយោបាយខ្មៅ​កខ្វក់​នេះចេញ​ពី​សង្គមកម្ពុជា ដើម្បីធានានូវភាពសុខសាន្តសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំង មូល។

ការលាតត្រដាងអំពីនយោបាយខ្មៅរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី បានធ្វើ​ឡើងតាមរយៈសន្និសីទព័ត៌មានមួយនៅទីស្នាក់ការរបស់បណ្តាញយុវជនអង្គការសង្គមស៊ីវិលស្ថិតនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ​២០២៣​​នេះ​។ យុវជនដែលចូលរួមក្នុងសន្និសីទ​លាតត្រដាងពីនយោបាយ​ខ្មៅ​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៉ី មានសមាសភាពមកពីបណ្តាញអង្គការសង្គម​ស៊ីវិល​មានដូចជា៖ យុវជនខ្មែរមហានគរ, សមាគមអភិវឌ្ឍន៍ធនធាន​យុវជន​កម្ពុជា, មូលនិធិអរិយៈ, យុវជនសង្គមកិច្ច, បណ្តាញយុវជនខ្មែរមហានគរ,
ក្រុម​​យុវជនកីឡា និងសុខភាព និងក្រុមយុវជនព័ត៌មានវិទ្យា Master IT។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមសុីវិល ជាយុវ​ជន​មួយ​រូប ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការប្រឆាំងរាជរដ្ឋា​ភិ​បាល កាលពី​អំឡុង​ឆ្នាំ២០១៣ និងឆ្នាំបន្តបន្ទាប់ មុនឹងបក្សសង្គ្រោះជាតិត្រូវបានរំលាយ​ក្នុង​ឆ្នាំ២០១៧។ សំណាង គឺជាយុវជន ដែលបានធ្វើសកម្មភាពគាំទ្រដ៏មុះមុតលើ នយោបាយបក្សប្រឆាំង ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី។

ក្នុងសន្និសីទនេះ យុវជន ហេង សំណាង បានរំលឹកពីប្រវត្តិសកម្មភាពរបស់ពួក​គេក្នុងពេលប្រឆាំងនឹងរាជរដ្ឋាភិបាល និងបង្ហាញពីមូលហេតុដែលនាំឱ្យរូបគេ​សម្រេច​ចិត្ត​ចេញ​មុខ​លាត​ត្រដាងនយោបាយខ្មៅរបស់ទណ្ឌិត សម រង្ស៉ី។ មូលហេតុនាំឱ្យរូបលាតត្រដាងនយោបាយខ្មៅកខ្វក់របស់ទណ្ឌិត សម រង្ស៉ី នេះ ក៏ព្រោះមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនលង់ជឿនយោបាយខ្មៅ​កខ្វក់​បន្តទៀត ព្រោះមិនបានចំណេញអ្វីដល់ជាតិនោះឡើយ។

ក្នុងសន្និសីទនោះ សំណាង បានអះអាងថា នយោបាយដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី មិនបាននាំផលចំណេញដល់ប្រជាពលរដ្ឋ ដល់យុវជន និងជាតិនោះឡើយ។ ផ្ទុយទៅវិញ មានតែផ្តល់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់យុវជនត្រូវមានទោសទណ្ឌ ហើយជាតិប្រឈមនឹងគ្រោះថ្នាក់។

លោក ហេង សំណាង និងក្រុមយុវជនមកពីបណ្តាញអង្គការសង្គមស៊ីវិលដទៃ​ទៀត បានរកឃើញថា នយោបាយខ្មៅដែលបង្កើត និងដឹកនាំដោយជនក្បត់ជាតិតជំនាន់ សម រង្ស៉ី មានចំនួន១០រួមមាន៖
១៖ ជំរុញឱ្យពលរដ្ឋ ពិសេសយុវជនធ្វើបដិវត្តិពណ៌ និងសកម្មភាពខុស​ច្បាប់ផ្សេងៗ
២៖ ញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធឱ្យបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់
៣៖ អំពាវនាវឱ្យបរទេសផ្តាច់ជំនួយពីកម្ពុជា
៤៖ បង្កើតវប្បធម៌លាបពណ៌ បំបែកបំបាក់ រើសអើងខ្មែរ និងខ្មែរ រើសអើងពូជសាសន៍ អ្នកនយោបាយ
៥៖ សន្យាបែបប្រជាភិថុត ឧទាហរណ៍សន្យាដំឡើងប្រាក់ខែ ព្យាបាលជំងឺដោយឥតគិតថ្លៃ
៦៖ ប្រើភាសាប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រ
៧៖ បោកប្រាស់អ្នកគាំទ្រ រួចពេលមានបញ្ហាគាត់តែងតែរត់ចោលអ្នកគាំទ្រ
៨៖ ប្រឌិតរឿងមិនពិតក្នុងចេតនាទុច្ចរិត អំពើកិចកលនយោបាយ
៩៖ គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនតម្កល់ប្រយោជន៍ជាតិ
១០៖ ចោទរដ្ឋាភិបាលថាជាអាយ៉ង ញុះញុងឲ្យពលរដ្ឋស្អប់ខ្ពើមរដ្ឋាភិបាលខ្លួនឯង

ដើម្បីកម្ចាត់ចោលនូវនយោបាយខ្មៅទាំងអស់នេះចេញពីសង្គមកម្ពុជា លោក ហេង សំណាង ក៏ដូចជាយុវជនមកពីបណ្តាញអង្គការសង្គមស៊ីវិលដទៃ បានមើលឃើញថា នូវអនុវត្តន៍វិធានការសំខាន់ៗចំនួន៩រួមមាន៖

១៖ ឈប់ស្តាប់ ឈប់ជឿ ឈប់ដើរតាម ឈប់ធ្វើតាម ការញុះញង់របស់លោក សម រង្ស៉ី
២៖ ត្រូវឆ្លើយថាទេចំពោះការអូសទាញ ឬអន្ទាក់នយោបាយរបស់លោក ​ សម រង្ស៉ី
៣៖ ឈប់ស្តាប់ឧបករណ៍ឃោសនានានាដែលមាននិន្នាការផ្អៀងទៅរកលោក សម រង្ស៉ី
៤៖ ចៀសឱ្យឆ្ងាយពីគម្រូអាក្រក់របស់លោក សម រង្ស៉ី ដែលតែងតែប្រមាថ​អង្គ​ព្រះ​មហាក្សត្រ
៥៖ បើកចិត្តមើលការអភិវឌ្ឍ និងសមិទ្ធិផលនានា ​ដែលសម្រេចបានដោយ​រាជរដ្ឋាភិបាល
៦៖ ចូលរួមដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដើម្បីការអភិវឌ្ឍ​សង្គម​ជាតិរួមគ្នា
៧៖ ថ្លឹងថ្លែងរវាងអ្នកដឹកនាំដែលយកជីវិតធ្វើដើមទុនប្តូរយកសន្តិភាពជូនជាតិ និង​អ្នកដឹកនាំប្រជាភិថុតដែលមានចេតនាទុច្ចរិតចង់តែបំផ្លាញសន្តិភាព និងតែងតែសន្យាខ្យល់ជាមួយអ្នកគាំទ្រ
៨៖ សង្កេតរវាងអ្នកដឹកនាំដែលតែងតែធ្វើពិត ទទួលបានសមិទ្ធិផលពិត និងអ្នក​ដឹក​នាំដែលបានតែថា និងបានតែសន្យាតែមិនដែលបានធ្វើពិត ឬមិនអាច​ធ្វើ​បាន
៩៖ ប្រឹងប្រែងសិក្សារៀនសូត្រ ស្វែងរកចំណេះជំនាញ ដើម្បីទទួលឱកាសការ​ងារ​ល្អៗ​ជាច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​រាជរដ្ឋា​ភិបាល​សព្វថ្ងៃនយោបាយខ្មៅកខ្វក់បង្កើត និងដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី គឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិកម្ពុជា បើបន្តមានវត្តមាន។ ក្នុងន័យនេះយុវជន ហេង សំណាង ក៏ដូចជាយុវជនមកពីបណ្តាញអង្គការសង្គមស៊ីវិលដទៃទៀត ដែល​ធ្លាប់លង់ជឿលើមនោគមន៍វិជ្ជាទាំងនេះ បានប្តេជ្ញាធ្វើសកម្មភាពកម្ចាត់នូវមនោគមន៍វិជ្ជាទាំងនេះ។ ជាពិសេសប្រឹងប្រែងធ្វើសកម្មភាពនានា ​ពន្យល់​ប្រជាពលរដ្ឋ និងយុវជនខ្មែរឱ្យចាកឆ្ងាយពីមនោគមន៍វិជ្ជាទាំងនេះ និងកុំឱ្យរងគ្រោះ ក៏ដូចជាចាញ់បោកទណ្ឌិត សម រង្ស៉ី និងបក្ខពួកបន្តទៅទៀត៕