(អង់គ្លេស)៖ លោកស្រី Theresa Mary May ជាអ្នកនយោបាយរបស់ចក្រភពអង់គ្លេស ដែលបានឡើងកាន់ដំណែងជាមេដឹកនាំបក្ស អភិរក្សនិយមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ លោកស្រីធ្លាប់កាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១០ និងជាសមាជិកសភាតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ លោកស្រី May ត្រូវបានឡើងកាន់ដំណែងបន្តពីលោក David Cameron ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់ចក្រភពអង់គ្លេស បន្ទាប់ពីកិច្ចជំនួបជាមួយម្ចាស់ក្សត្រី Elizabeth II នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់លោកស្រី៖
* ជីវិតកាលពីកុមារភាព និងការអប់រំ
Theresa Mary May កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៦ នៅភូមិ Eastbourne នៃចក្រភពអង់គ្លេស ដែលជាកូនស្រីតែមួយគត់ របស់លោកស្រី Zaidee Mary និងលោក Hubert Brasier។ ឪពុករបស់ Theresa ជាលេខាម្នាក់ប្រចាំព្រះវិហារគ្រិស្តសាសនាមួយ នៅប្រទេសអង់គ្លេស។ ឪពុកម្តាយរបស់លោកស្រីបានស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីនាងបញ្ចប់ការសិក្សាដោយឪពុកបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ចំណែកម្តាយស្លាប់ដោយសារជំងឺក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។
Theresa ចាប់ផ្តើមសិក្សានៅសាលាបឋម Heythrop បន្ទាប់មកបានបន្តការសិក្សានៅសាលាអនុសញ្ញា Juliana គឺសាលារ៉ូម៉ាំងកាតូលិកឯករាជ្យមួយ នៅ Begbroke សាលានេះអនុញ្ញាតឲ្យតែសិស្សស្រីសិក្សាប៉ុណ្ណោះ ដែលក្រោយមកត្រូវបានគេបិទទ្វានៅឆ្នាំ១៩៨៤។ នៅក្នុងវ័យ១៣ឆ្នាំលោកស្រីទទួលបានជោគជ័យ ក្នុងការសិក្សានៅសាលាវេយ្យាករណ៍នៅ Wheatley។ Theresa ក្រោយមកបានចូលសិក្សា នៅសកលវិទ្យាល័យ Oxford ផ្នែកភូមិវិទ្យា ហើយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឆ្នាំ១៩៧៧។
* ជីវិតឯកជន
ក្នុងឆ្នាំ១៩៨០ លោកស្រី May បានរៀបការជាមួយលោក Philip May ជាអ្នកវិនិយោគទុនលើវិស័យធនាគារ របស់ក្រុមហ៊ុន Capital International ។ គូស្វាមីភរិយាទាំងពីរគ្មានបុត្រនោះទេ ហើយលោកស្រីមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហានេះ ហេតុផលដោយសារបញ្ហាសុខភាព ដែលមិនអាចអនុញ្ញាតិឲ្យលោកស្រីមានបុត្របាន។
Theresa ក៏ជាសមាជិករបស់ក្រុមជំនុំគ្រិស្តសាសនាមួយផងដែរ លោកស្រីតែងតែចំណាយពេលទៅអធិដ្ឋាននៅទីនោះជារៀងរាល់ថ្ងៃអាទិត្យ។ លោកស្រីបានបញ្ជាក់ថា ជំនឿលើសាសនាក៏ជាផ្នែកមួយនៃជីវិត ព្រមទាំងអាចជួយឲ្យលោកស្រីទទួលបានអ្វីដែលខ្លួនចង់បាន។ ក្រៅពីការងារនយោបាយ ស្ត្រីរូបនេះច្រើនចាប់អារម្មណ៍ទៅលើការដើរកំសាន្ត និងការចម្អិនអាហារជាដើម។ លោកស្រីក៏ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារការតុបតែងខ្លួន ជាពិសេសការប្រើប្រាស់ម៉ូដស្បែកជើងប្លែកៗជាដើម។
ចាប់តាំងពីការលេចមុខក្នុងឆាកនយោបាយ សារធារណជន ពិសេសអ្នកនយោបាយជាច្រើន មានទស្សនៈខុសៗគ្នាទាក់ទិនទៅនឹងស្ត្រីរូបនេះ។ ជាក់ស្តែងលោក Cristina Odone អ្នកសារព័ត៌មានរបស់ The Daily Telegraph ធ្លាប់បានទស្សន៍ទាយថា លោកស្រីនឹងក្លាយជាតារាមួយដួងដែលត្រៀមនឹងរះ ខណៈដែលលោក Allegra Stratton បានសរសេរលើកសរសើរលោកស្រីក្នុងការសារព័ត៌មាន The Guardian ថា លោកស្រីមនុស្សដែលមាន គំនិតឈានមុខគេផ្នែកគ្រប់គ្រង។
* មនោគមន៍វិជ្ជានយោបាយ
លោកស្រី May បានចាត់ខ្លួនឯងជាអ្នកអភិរក្សនិយមបែបសេរី ប៉ុន្តែសារព័ត៌មាន Financial Times បានចាត់ទុកលោកស្រីជា អ្នកនយោបាយដែលគ្មាន មេត្តាម្នាក់ ហើយប្រៀបប្រដូចទៅហ្នឹងលោកស្រី Angela Merkel ដែលជាអធិការបតីរបស់ប្រទេសអាល្លឺម៉ង់។ ចំណែកកាសែត The Independent បានលើកឡើងថា លោកស្រីជាមនុស្សឯកា អភិរក្សនិយម ជាអ្នកប្រឆាំងនឹងជនអន្តោប្រវេសន៍ខ្លាំងជាងលោក Boris Johnson។
សូមជម្រាបថា លោកស្រី May ជាអ្នកគាំទ្រចក្រភពអង់គ្លេសឲ្យបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែបែរជារិះគន់លើស្ថាប័ននេះទៅវិញ។ ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយបានលើកឡើងថា លោកស្រី មានបំណងកាត់បន្ថយការពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សាស្តីការធ្វើប្រជាមតិក្នុងការចាកចេញពី EU (Brexit) ក្នុងគោលដៅដើម្បីពង្រឹងតួនាទី និងត្រៀមខ្លួនបង្កើនពិន្ទុក្នុងការប្រកួតប្រជែងធ្វើជាមេដឹកនាំបក្សអភិរក្សនិយម។
* អាជីពការងារដំបូង
រវាងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨៣ លោកស្រី May បានធ្វើការនៅធនាគារ Bank of England។ ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៧ បម្រើការងារនៅក្នុងក្រុមប្រឹក្សា និងអ្នកប្រឹក្សាជាន់ខ្ពស់ក្នុងទំនាក់ទំនងកិច្ចការបរទេស។ Theresa Mary May ធ្លាប់ធ្វើជាក្រុមប្រឹក្សាសម្រាប់ស្ថាប័ន London Borough of Merton ពីឆ្នាំ១៩៨៦ ដល់១៩៩៤ ដោយមានតួនាទី ជាប្រធានអប់រំ ជាអនុប្រធានក្រុម និងអ្នកនាំពាក្យរបស់ស្ថាប័ននេះ។ យ៉ាងនេះក្តី លោកស្រី May ធ្លាប់ទទួលការបរាជ័យលើកិច្ចការមួយចំនួន មុនពេលក្លាយជាសមាជិកសភា របស់បក្សអភិរក្សនិយម។
* តួនាទីជាសមាជិកសភា
ក្នុងឆ្នាំ១៩៩៧ Theresa បានក្លាយជាសមាជិកសភា នៃគណៈរដ្ឋមន្ត្រីស្រមោល Shadow Cabinet (ក្នុងប្រព័ន្ធរដ្ឋាភិបាល បែបលោកខាងលិច តម្រូវឲ្យមានគណរដ្ឋមន្ត្រីស្រមោល ដែលមានសមាជិកជាបក្សប្រឆាំង ស្ថិតក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង។ ស្ថាប័ននេះត្រូវបាន បង្កើតឡើងដើម្បីរិះគន់ក្នុងន័យស្ថាបនា ទៅលើចំណុចខ្វះខាតរបស់គណរដ្ឋមន្ត្រី នៃបក្សកាន់អំណាច ដែលមានលក្ខណៈដូចគ្នាប្រៀបដូចជា ស្រមោលដូចច្នោះ ដែរ។ ជាក់ស្តែងបើនៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហេតុនេះក្នុងគណៈរដ្ឋមន្ត្រីស្រមោលក៏មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូចគ្នា)។
ក្នុងឆ្នាំ១៩៩៩ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីអប់រំ និងការងារនៃគណរដ្ឋមន្ត្រីស្រមោល។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០១ មេដឹកនាំថ្មីរបស់បក្ស អភិរក្សនិយម លោក Iain Duncan Smith នៅតែរក្សាលោកស្រី Theresa ឲ្យបម្រើការងារក្នុងគណៈរដ្ឋមន្ត្រីស្រមោល។ theresa ធ្លាប់ត្រូវបានតែងតាំង ជាមេដឹកនាំស្ត្រីទីមួយរបស់បក្សអភិរក្សនិយម កាលពីខែកក្កដា ឆ្នាំ២០០២កន្លងទៅនេះ។ ក្រោយមកក្នុងឆ្នាំ២០០៣ លោកស្រី បានស្បថចូលបម្រើការងារនៅក្រុមប្រឹក្សា Privy Council និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីដឹកជញ្ជូននៃគណរដ្ឋមន្ត្រីស្រមោល។
ក្នុងឆ្នាំ២០០៤ លោកស្រី Theresa បានផ្លាស់ប្តូរដំណែងជារដ្ឋមន្ត្រីវប្បធម៌ និងកីឡានៃគណរដ្ឋមន្ត្រីស្រមោល។ ក្នុងខែមករា ឆ្នាំ២០០៩ លោកស្រី Theresa May បានបង្កើតរដ្ឋមន្ត្រីការងារ និងសោធន។ ក្រោយមកក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១០កន្លងទៅនេះ លោកស្រីបានជាប់ឆ្នោតជាថ្មីជាសមាជិកសភា ដោយទទួលបានសម្លេងគាំទ្រចំនួន៦០ភាគរយ។
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០កន្លងទៅនេះ លោកស្រី Theresa ត្រូវបានលោកនាយរដ្ឋមន្ត្រី David Cameron តែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកស្ត្រី និងសមភាព ដែលជាផ្នែកមួយនៃគណរដ្ឋមន្ត្រីទីមួយរបស់លោក។
លោកស្រីបានក្លាយជាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជើងខ្លាំងទាំងបួននៅអង់គ្លេស ដែលអាចកាន់ដំណែងខ្ពស់ៗ ក្នុងនោះរួមមានលោកស្រី Margaret Thatcher ដែលកាន់ដំណែងជា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Beckett កាន់ដំណែងជារដ្ឋមន្ត្រីការបរទេស ដោយឡែកលោកស្រី Jacqui Smit កាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងប្រវត្តិសាស្រ្តអង់គ្លេស លោកស្រីជាអ្នកដែលបានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃយូរជាងគេ គឺរហូតដល់រយៈពេល៦ឆ្នាំ បន្ទាប់ពីលោក James Chuter Ede ដែលបានកាន់ដំណែងនេះអស់រយៈពេល៦ឆ្នាំ និង២ខែ។ លោកស្រី May ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយឥតប្រៀងទុក ស្របពេល ដែលលោក Chris Grayling បានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃគណរដ្ឋមន្ត្រីស្រមោល។ ក្នុងពេលបម្រើការងារជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី May ក៏ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។
* រដ្ឋមន្ត្រីទទួលបន្ទុកស្ត្រី និងសមភាព
លោកស្រី May បានកាន់ដំណែងជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកស្ត្រី និងសមភាពពីឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១២កន្លងទៅនេះ ស្របពេលដែលស្ត្រីរូបនេះ កាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងដំណែងនេះ លោកស្រីត្រូវរងការរិះគន់ពីសមាជិកមួយចំនួនរបស់ក្រុមការពារសិទ្ធភេទទីបី ដោយសារលោកស្រីបានបោះឆ្នោតប្រឆាំងនឹងសិទ្ធមនុស្សស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែក្រោយមក ក្នុងអំឡុងនៃការបង្ហាញមុខក្នុងបទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន BBC បានធ្វើឲ្យលោកស្រីផ្លាស់ប្តូរការគិតរបស់ខ្លួនទាក់ទងនឹងនេះ។ ក្រោយមកក្នុងអត្ថបទមួយកាលពីខែមិថុនា ឆ្នាំ២០១០កន្លងទៅនេះ លោកស្រី May បានប្រកាសបញ្ជាក់ពីសំណើរក្នុងការជម្រុញការគោរពសិទ្ធរបស់ភេទទីបី។
* ការគាំទ្រចំពោះការរៀបការភេទដូចគ្នា
កាលពីខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ លោកស្រី May បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការស្នើរសុំការរៀបការភេទដូចគ្នា។ លោកស្រីបានក្លាយជាសមាជិកសភារបស់បក្សអភិរក្សនិយមដ៏សំខាន់មួយរូបដែលបានប្តេជ្ញាក្នុងការគាំទ្រចំពោះបញ្ហាខាងលើនេះ។ លោកស្រីបានលើកឡើងថា«ខ្ញុំជឿជាក់ថា ប្រសិនបើមនុស្សពីរនាក់អាចថែរក្សាគ្នាទៅវិញទៅមក ស្រឡាញ់គ្នាទៅវិញទៅមក ប្តេជ្ញារស់នៅជាមួយគ្នា ហេតុនេះពួកគេច្បាស់ជាអាចរៀបការជាមួយគ្នាបាន ហើយការរៀបការគួរតែអាចប្រព្រឹត្តទៅបានសម្រាប់បុគ្គលគ្រប់រូប មិនថាតែអ្នកស្រឡាញ់ភេទផ្ទុយគ្នាប៉ុណ្ណោះទេ។
* មេដឹកនាំបក្សអភិរក្សនិយម
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ លោកស្រី May បានប្រកាសពីបេក្ខភាពមេដឹកនាំបក្សអភិរក្សនិយមបន្តពីលោក David Cameron ដែលបានលាលែងពីដំណែងបន្ទាប់ពីការធ្វើប្រជាមតិចាកចេញពីសហភាពអឺរ៉ុប។ លោកស្រីបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្រួបបង្រួមបក្ស បន្ទាប់ពីការ ធ្វើប្រជាមតិក្នុងការ ចាកចេញពីសហភាពអឺរ៉ុប។ ស្ត្រីជើងខ្លាំងរូបនេះបានបញ្ជាក់ថា លោកស្រីអាចធ្វើជាអ្នកដឹកនាំប្រកបដោយភាពរឹងមាំ និងប្រកបដោយ ភាពវិជ្ជមាន សម្រាប់អនាគតទៅមុខរបស់ចក្រភពអង់គ្លេស។
តាមរយៈការស្ទង់មតិបានបង្ហាញថា លោកស្រី May ត្រូវបានគេចាត់ទុកថា ជាជម្រើសដ៏ពេញនិយមសម្រាប់សារធារណជន។ ហើយនៅក្នុង របាយការណ៍ស្ទង់មតិ Sky Data កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះក៏បានបង្ហាញផងដែរថា សម្លេង៤៧ភាគរយរបស់ប្រជាពលរដ្ឋអង់គ្លេសបានបញ្ជាក់ថា លោកស្រី May គឺជាជម្រើសដែលពួកគេចង់ឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី។
លោកស្រីទទួលបានជ័យជំនះក្នុងការបោះឆ្នោតលើកទីមួយ កាលពីថ្ងៃទី០៥ ខែកក្កដា កន្លងទៅនេះដោយទទួលបានសម្លេងគាំទ្រ១៦៥ ពីសមាជិកសភា ខណៈដែលលោកស្រី Andrea Leadsom ទទួលបានសម្លេងគាំទ្រ៦៦ ចំណែកលោក Michael Gove ទទួលបាន៤៨សម្លេង។ តាមរយៈកាសែត The Guardian បានឲ្យដឹងថា លោកស្រី May ច្បាស់ជាអាចក្លាយជាបេក្ខជនមួយរូបចុងក្រោយ ក្នុងចំណោមបេក្ខជនពីររូប។
ដោយឡែកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ លោកស្រី Leadsom បានប្រកាសដកខ្លួនពីការប្រកួតធ្វើជាមេដឹកនាំបក្ស ដែលសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី លោកស្រី May បានធ្វើសន្ទុរកថា ក្នុងយុទ្ធនាការលើកទីមួយរបស់ខ្លួន។ លោកស្រី Leadsom បញ្ជាក់ថា លោកស្រីហាក់ខ្វះការគាំទ្រពីសំណាក់សមាជិកសភារបស់បក្សអភិរក្សនិយម ដែលនេះជាឧបសគ្គដ៏ធំមួយក្នុងការក្លាយជានាយករដ្ឋមន្ត្រីដ៏គួរឲ្យជឿជាក់ម្នាក់។
បន្ទាប់ពីលទ្ធផលជោគជ័យ លោកស្រីមានក្តីសប្បាយរីករាយ និងដឹងគុណជាខ្លាំងចំពោះការគាំទ្រពីសំណាក់សមាជិកសភា ព្រមទាំងបានប្រកាសថា លោកស្រីចង់បង្រួបបង្រួមបក្ស និងចក្រភពអង់គ្លេសទាំងមូល។ ស្ត្រីដ៏លេចធ្លោរូបនេះ បានគូសបញ្ជាក់ពីឆន្ទៈ ក្នុងការចរចាដែលជាការដោះស្រាយ បញ្ហាដ៏ប្រសើរបំផុតសម្រាបចាកចេញពីសភាពអឺរ៉ុប។ លោកស្រី May បានបញ្ជាក់ថា លោកស្រីពិតជាក្តីសប្បាយរីករាយជាខ្លាំង ចំពោះការគាំទ្រឲ្យ លោកស្រីកាន់អំណាច។
* ដំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស
បន្ទាប់ពីក្លាយជាមេដឹកនាំបក្សអភិរក្សនិយម ដោយឥតព្រៀងទុកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ លោក David Cameron បានប្រកាសថា លាលែងពីដំណែងជានាយករដ្ឋមន្ត្រី។ ម្ចាស់ក្សត្រីចក្រភពអង់គ្លេសតែងតាំងជានាយករដ្ឋមន្ត្រីថ្មី នោះលោកស្រី May ក្លាយជានាយករដ្ឋមន្ត្រីស្រ្តីទីពីរ របស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកស្រី Margaret Thatcher និងជានាយករដ្ឋមន្ត្រីស្រ្តីទីមួយ របស់ចក្រភពអង់គ្លេស នៅក្នុងសតវត្សរ៍ទី២១នេះ។ ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ អនាគតនាយករដ្ឋមន្ត្រីរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ថា លោកស្រីពិតជាមានកិត្តិយសជាខ្លាំង បន្ទាប់ពីបានក្លាយជាមេដឹកនាំបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស៕