(ព្រះសីហនុ)៖ ក្រោយពីកម្ពុជាបានរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ និងបានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រង់ប្រកបដោយផ្លែផ្កាជាមួយនឹងការពិភាក្សាជាក្រុមជាបន្តបន្ទាប់ នៅក្នុងបរិយាកាសស្និទ្ធស្នាលជាមួយនឹងស្មារតីនៃសាមគ្គីភាព ឯកភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ កម្ពុជាបានប្រគល់ទង់ប្តូរវេននៃវេទិកាទេសចរណ៍មេគង្គនេះ ជូនទៅសាធាររណរដ្ឋប្រជាមានិតចិន ដើម្បីបានរៀបចំវេទិកាទេសចរណ៍មេគង្គ សម្រាប់ឆ្នាំ២០២៤ខាងមុខ។
ពិធីប្រគល់ទង់នៃវេទិកាទេសចរណ៍មេគង្គនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនិងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបិទវេទិកាទេសចរណ៍មេគង្គ ក្រោមប្រធានបទ៖ «ការគិតគូរពីភាពធន់ និងឌីជីថលនីយកម្ម» ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ និងដោយមានការចូលរួមពីលោកស្រី Suvimol Thanasarakij នាយកប្រតិបត្តិការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងមានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លើកនាឱកាសនោះលោក ទិត ចន្ថា បានឱ្យដឹងថា បន្ទាប់ពីការបញ្ចប់នៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ប្រកបដោយផ្លែផ្កាជាមួយនឹងការពិភាក្សាជាក្រុមជាបន្តបន្ទាប់នេះ អាចសន្និដ្ឋានថាវេទិកានេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ធស្នាលជាមួយនឹងស្មារតីនៃសាមគ្គីភាព ឯកភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ហើយបើគ្មានការចូលរួមយ៉ាងសកម្មពីតំណាងរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិទ្យាស្ថាន វិជ្ជាជីវៈ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ទេ លទ្ធផលនឹងមិនឆ្លើយតបនឹងការពេញចិត្ត និងគោលបំណងរបស់យើងនោះទេ។
លោក ទិត ចន្ថា បានបន្ថែមថា វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម»នេះគឺដើម្បីស្វែងរកឱកាសដើម្បីបង្កើនភាពធន់នៃវិស័យទេសចរណ៍តាមរយៈការកសាងប្រព័ន្ធចំនីអាហារប្រកបដោយនិរន្តរភាព ជំរុញការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការពន្លឿនឌីជីថលភាវូបនីយកម្ម និងការលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍។
វេទិកានេះក៏បានលើកឡើងពីផលប្រយោជន៍ និងកង្វល់រួមគ្នាលើជីវភាពរស់នៅ ការងារ និងការបង្កើតជំនាញរបស់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល ហើយពិភាក្សាអំពីវិធីដើម្បីគិតឡើងវិញនូវយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសសមាជិក GMS ដែលរួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឲ្យក្លាយជឫជាអនុតំបន់សមូហភាព និងថាមពល។
លោក ទិត ចន្ថា បានឱ្យដឹងដែរថា វេទិកានេះបានពិភាក្សាយ៉ាងសកម្មអំពីបញ្ហា និងនិន្នាការនៃការស្តារវិស័យទេសចរណ៍ជាមួយអ្នកជំនាញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិដូចជា៖ ការអភិវឌ្ឍបណ្តាញផលិតកម្មអាហារក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយផ្តោតលើសុវត្ថិភាព និងអនាម័យ ខណៈដែលគោលដៅទេសចរណ៍ឆ្លាតវៃ ការជំរុញធនធានមនុស្ស និងសមភាពយេនឌ័រក្នុងវិស័យទេសចរណ៍ បានដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាពធន់។
លោកបានអះអាងដែរថា វេទិកានេះគឺចំពេលវេលាក្នុងការលើកឡើងបញ្ហាក្នុងតំបន់ និងដំណោះស្រាយសម្រាប់កិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន តាមរយៈការលើកកម្ពស់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ដែលមានសក្តានុពលខ្ពស់ក្នុងចំណោមប្រទេសទាំងប្រាំមួយក្នុងតំបន់ (GMS) ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ឆ្ពោះទៅរកអនាគតដ៏រុងរឿង រឹងមាំ និងវិបុលភាពសម្រាប់ប្រជាជន។
បន្ថែមពីនេះដែរលោក ទិត ចន្ថា ក៏បានស្នើឱ្យរដ្ឋាភិបាល GMS ទាំងអស់រៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញវិជ្ជាជីវៈ អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងសាធារណៈ បន្តសហការគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យទេសចរណ៍ GMS ឱ្យរស់ឡើងវិញតាមរយៈគំរូធុរកិច្ចថ្មី ការធ្វើឌីជីថលភាវូបនីយកម្ម និងបច្ចេកវិជ្ជា ផលិតកម្មអាហារដែលមានលក្ខណៈស្តង់ដា ដោយដាក់ចេញនូវពិធីសារសុវត្ថិភាព និងអនាម័យ ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាមួយនឹងសមភាពយេនឌ័រ ដើម្បីធានាការចែកចាយអត្ថប្រយោជន៍ដោយស្មើភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងបរិយាប័ន្ធសម្រាប់តំបន់អនុតំបន់ផងដែរ៕