(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ​សមាគម​ជប៉ុន-កម្ពុជា ជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំរុញការនាំផលិតផល​របស់កម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ​លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគម​ជប៉ុន​-កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

យោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេច​តេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក តាកាហាស៊ី បានជម្រាប​សម្ដេច​តេជោ អំពីការងារមួយចំនួនរបស់សមាគមជប៉ុន-កម្ពុជា ក្នុងឱកាសខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការងារដែលសមាគមកំពុងធ្វើនោះរួមមាន៖

ទី១៖ កំពុងរៀបចំវេទិកាព័ត៌មានអំ​ពី​សក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។

ទី២៖ កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, វិស័យ​ជួស​ជុល​យានយន្ត និងវិស័យបដិសណ្ឋារកិច្ច។

ទី៣៖ កំពុងរៀបចំការប្រារព្ធពិធីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត​រវាងប្រទេសទាំងពីរ ដែលនឹងមានដុតកាំជ្រួចជប៉ុនផងដែរនៅក្នុងរាជធានី​ភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ទី៤៖ ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់​ដាក់លក់លើទីផ្សារ។

ក្នុងជំនួបនេះ លោក តាកាហាស៊ី សម្ដែងការអបអរសាទរ​ជូនចំពោះ​សម្ដេច​តេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធកាលពីឆ្នាំ២០២២ ​ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូន​ចំពោះ​ លោក តាកាហាស៊ី ដែលបានលើកបង្ហាញពីការងារមួយចំនួនរបស់សមាគម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា បន្ត​ខិត​ខំច​លនានាំអ្នកវិនិយោគជប៉ុន ចូលមកកម្ពុជា។ ការកៀរគរអ្នកវិនិយោគបរទេស ជាពិសេសជប៉ុន គឺជាអាទិភាពមួយរបស់កម្ពុជា។ បន្ថែមពីលើនោះ កម្ពុជា ក៏​មាន​​ច្បាប់វិនិយោគថ្មី ដែលផ្ដល់ភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគ​នៅកម្ពុជា។

លោក អ៊ាង សុផល្លែត បានឱ្យដឹងដែរថា ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានស្នើសុំលោក តាកាហាស៊ី បន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ ក៏បានជម្រាបលោក តាកាហាស៊ី អំពីគម្រោងបណ្ដុះបណ្ដាលផ្នែក​វិជ្ជាជីវៈ​​ជនក្រីក្រប្រមាណ ១លាន ៥សែននាក់ ដើម្បីឱ្យពួកគាត់ងាយ​រកការ​ងា​រ​ធ្វើ។

ជាមួយគ្នានោះ សម្ដេចតេជោ បានស្នើលោក តាកាហាស៊ី ជំរុញការនាំផលិ​ត​ផល​កម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមានប្រសាសន៍ថា ផលិតផលកម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើននោះ​ទេ។

ក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោក តាកា​ហា​ស៊ី ដែលបានអបអរសាទរចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចតេជោ បានរំលឹកថា នៅពេលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពតំបន់ និងពិភពលកមានការពិបាកច្រើន ព្រោះថានៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធប្រទេសមីយ៉ាន់ម៉ា, បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជា បានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបានឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ៕