(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានចូលរួមជាកម្លាំងជំនួយនៅគ្រប់កាលៈទេសៈ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមពីអ្វីដែលជាតួនាទីភារកិច្ចរបស់ខ្លួន តាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៨ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន គឺជាកិច្ចការងារដ៏ល្អសម្រាប់សង្គមជាតិទាំងមូល ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីការបំពេញការងារស្នូល កាតព្វកិច្ចដែលត្រូវការពារតាមគោលដៅ ទីតាំងដែលឈរជើង ភ្នាក់ងារសន្ដិសុខឯកជន បានរួមចំណែកយ៉ាងសកម្មបំផុតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនេះគឺជាអ្វីដែលយើងបានធ្វើ និងតែងឆ្លើយតបតាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ»។
កិច្ចការងារដែលភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមនាពេលកន្លងទៅថ្មីៗនេះ ហើយដែលជាចំណុចដ៏លេចធ្លានោះ ត្រូវបានលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី គូសបញ្ជាក់ឲ្យដឹងថា ទី១៖ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសអំឡុងពេលបិទខ្ទប់, ទី២៖ ការចូលរួមការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី៣៖ ការប្រកួតកីឡាជាតិ និងទី៤៖ ព្រឹត្តិការណ៍អង្គសង្គ្រាន្ដ។
ស្របពេលដែលកម្ពុជាកំពុងតែត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខឆាប់ៗនេះ ភ្នាក់ងារសន្ដិសុខឯកជន ក៏នឹងចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានថ្លែងអំណរគុណដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្ដល់សេវាភ្នាក់ងារសន្ដិសុខឯកជន ជាពិសេសភ្នាក់ងារសន្ដិសុខឯកជនផ្ទាល់ខ្លួនតែម្ដង ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាភ្នាក់ងារសន្ដិសុខឯកជន ជាមួយកងកម្លាំងមានសមត្ថកិច្ច ហើយលោកក៏បានស្នើសុំឲ្យបន្ដកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរជម្រាបថា លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៨ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលសិក្ខាកាមចំនួន១៥៤នាក់ (ស្រី៣នាក់)។ ក្នុងនោះ នាយ នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៥នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៦៤នាក់ មកពី៤៩ក្រុមហ៊ុន, ភ្នាក់ងារសន្តិសុខឯកជន មិនបម្រើសេវាកម្ម ចំនួន៨៥នាក់ មកពី១៨សហគ្រាសគ្រឹះស្ថាន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៤៨លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៨,៤២៤នាក់ (ស្រី១៩៥នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន១៨៨នាក់ (ស្រី១២នាក់)។
លោកគូសបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានមើលឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ ជាមួយគ្នានេះ លោកលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើស គ្រឿងញៀន៕