(សៀមរាប)៖ កម្មវិធីប្រកួតប្រជែងស្នាដៃគំនូរប្លង់មេពុទ្ធមណ្ឌលវិប្បសនាអន្តរជាតិកម្ពុជា ស្ថិតនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងព្រះសង្ឃ រួមនិងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ព្រមក្រុមគ្រួសារ ដែលជាអ្នកផ្តល់ប្រាក់រង្វាន់ជ័យលាភី និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការសាងសង់ទីស្ថានពុទ្ធមណ្ឌលវិប្បសនាអន្តរជាតិកម្ពុជា លើផ្ទៃដីសរុបប្រមាណ៥០ហិកតា។
ពិធីប្រកាសជ័យលាភីប្រកួតស្នាដៃរចនាប្លង់មេសម្រាប់ការកសាងពុទ្ឋមណ្ឌលវិបស្សនាអន្តរជាតិខេត្តសៀមរាប នាព្រឹកថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងពុទ្ធមណ្ឌលផ្ទាល់ ដែលមានការចូលរួមពីក្រុមនិស្សិត ចំនួន២៧ក្រុម ហើយគណ:កម្មាការវាយតម្លៃលទ្ធផលជ្រើសរើសបានក្រុមនិស្សិតជ័យលាភីចំនួន ៣ក្រុមរួមមាន៖
-ក្រុមលេខ១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០លានរៀល
-ក្រុមលេខ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០លានរៀល
-ក្រុមលេខ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន២០លានរៀល។ ដោយឡែក ក្រុមដែលមិនបានជាប់ជ័យលាភីទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុង១ក្រុម១លានរៀនផងដែរ។ ពិធីថ្ងៃនេះ គឺជាការប្រកាសជាផ្លូវការ នៃការចាប់ផ្តើមសាងសង់។
ការផ្តួចផ្តើមឲ្យមានការសាងសង់ទីពុទ្ធមណ្ឌលវិប្បសនាអន្តរជាតិ ខេត្តសៀមរាប និងមានប្រយោជន៏សម្រាប់សាធារណជន និងពុទ្ធសាសនិកប្រើប្រាស់ដើម្បីមកបំពេញទានកុសល្យ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ សូមស្វាគមន៍ចំពោះការស្ម័គ្រចិត្តការចូលរួមចំណែកក្នុងការសាងសង់ពុទ្ធមណ្ឌលវិប្បសនាអន្តរជាតិខេត្តសៀមរាបពីសប្បុរសជននានាផងដែរ។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមដែរថា លោកក៏មានគម្រោងសាងសង់មណ្ឌលវិប្បសនាមួយកន្លែងទៀតនៅក្នុងទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ ដែលជាស្រុកកំណើតរបស់លោកឧកញ៉ា។ ប្អូនៗក្មួយៗដែលបានចូលរួម ប្រកួតគូរប្លង់ក៍ទទួលបានបុណ្យកុសល្យរួមចំណែកក្នុងការកសាងទីពុទ្ធមណ្ឌល ជាពិសេសគំនូរប្លង់របស់ប្អូនៗ ក្មួយៗដែលបានជាប់ជ័យលាភី ដែលប្លង់ទាំងនោះនឹងត្រូវបានជ្រើសរើសរួមបញ្ចូលគ្នា តាមភាពចាំបាច់ក្នុងការសាងសង់នៅក្នុងពេលខាងមុខ។
ព្រះមហាវិមលធម្ម មានសង្ឃដីកាថា ប្លង់មេនៃពុទ្ធមណ្ឌលវិប្បសនាអន្តរជាតិ រួមមានប្លង់រចនាបទរបស់ខ្មែរ ដូចមាននៅតាមទីវត្តអារ៉ាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ជាទីដែលមានលក្ខណះសក្តិសម ធំទូលាយ និងសំបូរបែបសម្រាប់ពុទ្ធសាសនិកជនជាតិ និងអន្តរជាតិ៕