(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១៣ ប្រកាសផ្តល់ឱកាសការងារចំនួន ១៩៨៨កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ស្អែកនេះ។

ក្រុមហ៊ុនធំៗទាំង១៣ ដែលចូលរួមជ្រើសរើសបុគ្គលិកនា ថ្ងៃស្អែកនេះរួមមាន៖ វ៉ន់ម័រ, MF Training, ក្រុមហ៊ុន DPNV, ធនាគារ WOORI, ក្រុមហ៊ុន BS Land&Home, ក្រុមហ៊ុន RMA, ផ្សារទំនើប LUCKY, ធនាគារឯកទេស AEON, ក្រុមហ៊ុន SCHENKER,ក្រុមហ៊ុន MinebeaMitsumi, ធនាស្ថាបនា,ក្រុមហ៊ុន Cambodia Angkor AIR និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហនគរ។

វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ) ៕