(ម៉ុងហ្គោលី)៖ និយាយពីប្រទេសម៉ុងហ្គោលីនេះ ប្រជាជនកម្ពុជាភាគច្រើនប្រាកដជាបានស្គាល់តាមរយៈ ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃមហាយក្សចិន។ គ្រាន់តែបានឮប្រទេសម៉ុងហ្គោលី គ្រប់គ្នានឹងនឹកដល់ទីវាលស្មៅដ៏ធំល្វឹងល្វឺយ និងហ្វូងសត្វសេះជាមិនខាន ប៉ុន្តែអតីតភាពនេះ ក៏នៅតែបន្តកើតមាន មកដល់បច្ចុប្បន្នកាលផងដែរ ខណៈប្រទេសដែលគ្មានព្រំដែន ជាប់សមុទ្រសោះនេះ មានប្រជាជនតែជាង ៣លាននាក់តែប៉ុណ្ណោះ (ទិន្នន័យឆ្នាំ២០១៦)។
ម៉ុងហ្គោលីមានផ្ទៃដីសរុប ១,៥៦៦,០០០ គីឡូម៉ែត្រក្រឡា ដែលជាប្រទេសមានទឹកដីធំជាងគេលំដាប់ទី១៩ របស់សកលលោក ប៉ុន្តែភាគ ច្រើនជាវាលស្មៅ និងវាលខ្សាច់ ហើយប្រជាជនលើផែនដីបានចាប់ផ្តើមមករស់នៅ លើទឹកដីអ្នកចម្បាំងនេះដំបូងកាលពី៤០,០០០ឆ្នាំ មុនមកម្ល៉េះ។ ភាពល្បីល្បាញបំផុតរបស់ម៉ុងហ្គោលី គឺប្រវត្តិសាស្ត្រ ដែលអតីតអធិរាជាណាចក្រម៉ុងហ្គោល ជាប្រទេសតែមួយគត់នៅលើ លោកដែលធ្លាប់វាយប្រហារដណ្តើម និងគ្រប់គ្រង ផ្ទៃដីបានច្រើនជាងគេបំផុត នៅអំឡុងសតវត្សទី១៣។
បច្ចុប្បន្នរដ្ឋធានី អ៊ូឡាំងបាទ័រ (Ulaanbaatar) របស់ម៉ុងហ្គោលី កំពុងតែទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដៃគូពាណិជ្ជកម្មសំខាន់ បំផុតរបស់ ប្រទេសនេះ គឺចិន និងរុស្ស៊ី ហើយក៏ជាប្រទេសជិតខាងទំាងពីរ របស់ខ្លួនផងដែរ។ សម្រាប់វិស័យសេដ្ឋកិច្ចវិញប្រទេស ម៉ុងហ្គោលី ពឹងផ្អែកខ្លាំងទៅលើវិស័យ កសិកម្ម និងចិញ្ចឹមសត្វ តាមបែបប្រពៃណី។ បន្ថែមពីនេះទៀត ម៉ុងហ្គោលី ក៏ពឹងផ្អែកទៅលើ ធនធានរ៉ែសំខាន់ៗជាច្រើនទៀតផងដែរដូចជា ស្ពាន់, ធ្យូងថ្ម, ស័ង្កសី, ស្តែន, និងមាសផងដែរ ដែលធនធានទាំងនេះជាផ្នែកមួយដ៏សំខាន់ ជួយទ្រទ្រង់សកម្មភាពឧស្សាហកម្ម។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទៅដល់ប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ ដែលរៀបចំនៅថ្ងៃទី១៥-១៦ ខែកក្កដា។
សម្តេចតេជោ បានឲ្យដឹងនៅលើ Facebook យ៉ាងដូច្នេះថា «ថ្ងៃ១៤ កក្កដា ២០១៦ ស្អែកនេះខ្ញុំ និងភរិយា នឹងដឹកនាំប្រតិភូជាន់ខ្ពស់ កម្ពុជា ចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី។ នេះជាការជួបជុំជាទៀងទាត់ ២ឆ្នាំម្តង រវាងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។ កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយ ឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាម នាសម័យប្រជុំលើកទី៥។ តាំងពីពេលនោះមកខ្ញុំបានដឹកនាំ ប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខានគឺ ឆ្នាំ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១០ នៅបែលហ្សិក ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ ២០១៦ នេះនៅម៉ុងហ្គោលី៕