(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា អញ្ជើញទទួលអាវចំណាំងផ្លាត និងមួកសុវត្ថិភាពពីលោក សេង វណ្ណារ៉ា អគ្គនាយករងក្រុមហ៊ុនកម្ពុជាតេលា។
បន្ទាប់ពីទទួលអាវចំណាំងផ្លាត និងមួកសុវត្ថិភាពរួចមក លោក ថេង សុថុល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ចែកអាវចំណាំងផ្លាត និងបំពាក់មួកសុវត្ថិភាព ជូនប្រជាការពារខណ្ឌ ចំនួន ៥០នាក់ ដោយមានការចូលរួមពីលោក ឌី រ័ត្នខេមរុណ លោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ លោក ងួន សត្យា ប្រធានការិ-សេដ្ឋកិច្ច និងភិវឌ្ឍសហគមន៍ខណ្ឌ៧មករា។
នាឱកាសសំណេះសំណាលនេះដែរ លោក ថេង សុថុល បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។
លោកអភិបាលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិ-សង្កាត់ របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អជាភូមិ-សង្កាត់ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
លោកអភិបាល បានបន្តថា ដោយមានការគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើអោយប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើអោយភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ។
ម្យ៉ាងវិញទៀត Sea Game យើងនឹងខិតជិតមកដល់នាពេលខាងមុខ កម្លាំងយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ បញ្ជៀសចរាចរនានា ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។
លោកអភិបាល បានបំពាក់ អាវចំណាំងផ្លាត និងមួកសុវត្ថិភាពជានិមិត្តរូប ជូនដល់កម្លាំងសណ្តាប់ធ្នាប់យើង ហើយក៍បានផ្តាំផ្ញើដល់កម្លាំងយើង ធ្វើយ៉ាងណាកំលាំងប្រជាការពារយើង ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ៖
*ទី១៖ ត្រូវមានវិន័យ
*ទី២៖ ត្រូវស្តាប់បទបញ្ជា
*ទី៣៖ ត្រូវគោរព តួនាទី និងភារកិច្ច។
ក្នុងការសំណេះសំណាលនេះ ម្នាក់ៗទទួលបាន មួកសុវត្ថិភាព១ អាវចំណាំងផ្លាត១ រួមទាំង ថវិកា២ម៉ឺនរៀលផងដែរ៕