(សៀមរាប)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំឮកអ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឲ្យមានប្រភពច្បាស់លាស់ ដែលការក្រើននេះបានធ្វើឡើង នៅក្នុងសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងអំពីលទ្ធផលការងារ ដែលមន្ទីរបានអនុវត្តកន្លងមក និងការគ្រប់គ្រង ស្ថាប័នអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់ បានកំពុងធ្វើសកម្មភាព ក្នុងខេត្តសៀមរាប ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែរ។
លោក ខៀវ កាញារីទ្ធ បានធ្វើការក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឲ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។
លោកបានបន្តថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ទី១ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ ទី២ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។
លោកបានបន្តថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ធ្វើជាអ្នកសារព័ត៌មាន ត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឲ្យបាន ត្រូវនិយាយ និងគោរពមនុស្ស ទាំងអស់នៅក្នុងសង្គមដូចគ្នា។ អ្នកសារព័ត៌មានមិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើត មានឡើងនៅក្នុងសង្គម។ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ។
លោក ខៀវ កាញារីទ្ធ បានបន្តថា ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ ក៏ប៉ុន្តែរាល់ព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយ និងមានការប៉ះពាល់ ហើយបានកែតម្រូវឡើងវិញនោះ ក៏ត្រូវធ្វើការផ្សាយឡើង វិញផងដែរ ក្នុងការបញ្ជាក់ពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។
ជាមួយនេះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម តែសារព័ត៌មានមួយចំនួន ក៏បានធ្វើការបំពុលសង្គមផងដែរ។ លោកបានបន្តទៀតថា សិក្ខាសាលានេះ គឺបានបង្កលក្ខណៈដល់បអ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបញ្ជៀសរាល់កំហុសឆ្គងក្នុងការសរសេរព័ត៌មាន ដើមី្បធ្វើការផ្សព្វផ្សាយ ជាសាធារណៈនៅក្នុងសង្គមផងដែរ៕