(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅព្រឹថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
លោក ម៉ែន វិបុល បានកោតសរសើរ និងអរគុណកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាកម្មវិធីសង្ក្រាន្តស្វាយរៀង។
ជាមួយគ្នានេះ អភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នក្នុងការការពារគ្រោះអគ្គិសភ័យដែលបង្ករឡើងដោយសារ ភ្លើង ធូប ទៀន ការឆ្លងចរន្តអគ្គិសនីជាដើម។
*ទី២៖ មន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមលក្ខណៈសហការ រៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
*ទី៣៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
*ទី៤៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។
*ទី៥៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕