(ក្រចេះ)៖ រដ្ឋបាលស្រុកឆ្លូង ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសម្លាតអនាម័យបរិស្ថានតាមដងផ្លូវ ពីគល់ស្ពានឆ្លូង ដល់គល់ស្ពានកំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

លោក ធីម ស៊ាងឡេង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រីអភិបាលស្រុក លោកបានដឹកនាំមន្រ្តីរាជកា នៃរដ្ឋបាលស្រុក យុវជនគណបក្សប្រជាជនកម្ពុជា យុវជនកាកបាទក្រហម យុវជន សសកយ និងកម្លាំងទាំង៣ប្រភេទ ចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ ក្នុងស្រុកឆ្លូង ដើម្បីចូលរួមពិធីទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្រុកឆ្លូង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

លោកបញ្ជាក់ថា ការចូលរួមសម្អាតបរិស្ថានបែបនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា កំពុងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដើម្បីជាការលើកមុខ មាត់ប្រទេសជាតិ ហើយនៅតាមបណ្ដាគ្រប់ខេត្តក្រុងទាំងអស់ បាននាំគ្នាសម្អាតបរិស្ថានគ្រប់ទីកន្លែង។ ការសម្អាតបរិស្ថាន មិនត្រឹមតែនាំឲ្យទីកន្លែងមានសោភ័ណភាពស្រស់ស្អាតនោះទេ ក៏នាំឲ្យមានខ្យល់ឱកាសល្អផ្ដល់សុខភាពសាធារណជន ដែលបានមកលេងកម្សាន្ដផងដែរ។

ដើម្បីចូលរួមសម្អាតបរិស្ថានឲ្យបានស្អាតល្អ ក្នុងនាមលោកតំណាងឲ្យអាជ្ញាធរស្រុក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសម្អាតបរិស្ថាន ទីធ្លានានាៗឲ្យបានគ្រប់ៗគ្នា ដើម្បីលើកមុខមាត់ប្រទេសជាតិយើង៕