(បន្ទាយមានជ័យ)៖ លោក ស្រេង សុផល ប្រាប់ អភិបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់រង្វាន់ជាលុយ២០ម៉ឺនរៀល ដល់បងប្អូនណាក៏ដោយ ដែលថតបានរូបអ្នកចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល។

ថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកបានលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ចគ្មានវិធានការ នោះអ្នកចោលសំរាម បានលួចយកសំរាមសន្ធឹកសន្ធាបទៅដាក់ទីនោះ គឺពួកគាត់មិនព្រមដាក់សេវាសំរាម (មិនបង់លុយ ទោះតិចតួច) របស់ក្រុមហ៊ុន ហ្កាយអ៊ា : GAEA)។ លោកថា ពលរដ្ឋមួយចំនួននៅតែមិនយល់ ឬធ្វើមិនយល់ពីបញ្ហាបរិស្ថាន សំរាមទេ គឺពួកគេចោលសំរាមឲ្យផុតតែពីខ្លួនដោយមិនគិតពីការប៉ះពាល់អ្នកដទៃ។

លោកបន្តថា ឱសានវាទ នៃវិធានការខាងលើនឹងផុតកំណត់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣  ប៉ុន្តែពីពេលប្រកាសឲ្យរង្វាន់នេះ កាលពីសប្តាហ៍មកទល់ថ្ងៃនេះ ឃើញថាសំរាមចោលផ្តេសផ្តាសបានថយចុះខ្លះ ទីក្រុងក៏គ្រាន់ស្អាតដែរ ប៉ុន្តែក៏នៅមិនទាន់ថតបានអ្នកចោលសំរាមដែរ។

ជំហាននេះ គឺអាជ្ញាធរ និងជំនាញចង់ឲ្យក្រុង និងតាមកន្លែងធ្វើការតាមទីសាធារណ: តាមលំនៅឋានបានស្អាត មានអនាម័យ បរិស្ថានល្អ ដែលជាផ្នែកមួយនៃការចូលរួមអបអរសាទរដ៏ក្លៀវក្លា នូវដំណើរដង្ហែព្រះអគ្គីកីឡា ឬភ្លើងគប់ ដែលឆ្កងកាត់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ខែសភា និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់កីឡាអាស៊ីភាគអាគ្នេយ៍។

លោក ស្រេង សុផល បានបន្តថា ចំពោះការដាក់សេវាសំរាម អាជ្ញាធរមានសមត្ថកិច្ចនឹងជួយចេញលុយថ្លៃសេវា បើសិនជាពលរដ្ឋមានជីវភាពក្រីក្រ និងជួបការលំបាក់ខ្លាំង។ ធ្វើយ៉ាងនេះ គឺចង់ឲ្យគ្រប់មុខផ្ទះមានកញ្ចប់ ឬធុងសំរាម ហើយបញ្ឈប់ការដុត ឬចោលសំរាមផ្តេសផ្តាស។ ឥឡូវនេះ សមត្ថកិច្ច ប្រជាការពារ និងក្រុមការងារបានបណ្តាក់ ល្បាតឃ្លាំមើលអ្នកចោលសំរាម ហើយនៅកន្លែងដែលជាមុខសញ្ញាចោលសំរាមអានាធិបតេយ្យ ជាប្រចាំតាមសង្កាត់នានា នៃក្រុង​ត្រូវបានបំពាក់ភ្លើងសូឡា និងដាក់កាមេរ៉ាសុវត្ថិភាពបន្ថែម។

លោកបានបន្តថា នៅពេលខាងមុខ ក្រោយបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនាខែកក្កដាឆ្នាំ២០២៣ រដ្ឋបាលក្រុងនឹងអនុវត្តតាមអនុក្រឹត្យលេខ១៣ របស់រាជរដ្ឋាភិបាលដូចដែលបានផ្សព្វផ្សាយរហូតមក ដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការឲ្យពលរដ្ឋបង់សេវាសំរាម ហើយយកក្រុមហ៊ុនឯកជនជាដៃគូ ចូលរួមអនុវត្ត៕