(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឲ្យ លោក Luo Baoming លេខាបក្សនៃខេត្តហៃណាន ប្រទេសចិនអញ្ជើញចូជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
Facebook សម្តេចតេជោ ហ៊ុន សែន បានចុះផ្សាយថា ក្នុងជំនួបនោះ លោក Luo ក៏បានជំរាបសម្តេចតេជោផងដែរថា នៅក្នុងខែនេះ នឹងមានការហោះហើរត្រង់ពីទីក្រុងហៃកៅ នៃខេត្តហៃណាន មកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោក Luo បានស្នើសម្តេចតេជោ ដើម្បីដឹកនាំក្រុមគ្រូពេទ្យឯកទេសភ្នែកមកជួយព្យាបាលប្រជាជនកម្ពុជា។
សម្តេចតេជោស្វាគមន៌ និងថ្លែងអំណរគុណដល់ខេត្តហៃណាន ដែលមានបំណងនាំគ្រូពេទ្យឯកទេសភ្នែក ចុះមកជួយព្យាបាល ប្រជាជនកម្ពុជា។ បើដំណើរការកាន់តែលឿនគឺកាន់ល្អ ព្រោះកម្ពុជាមានអ្នកជម្ងឺភ្នែកច្រើន ដែលកំពុងរង់ចាំជំនួយបែបនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៌ ចំពោះការហោះហើរត្រង់មកកាន់ភ្នំពេញ និងសៀមរាប ដែលកាន់តែពង្រីកនូវវិសាលភាពនៃ ការតភ្ជាប់រវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា ចិន។
កន្លងមកនេះ ខេត្តហៃណាន និងខេត្តកំពង់ចាមបានរិតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អពិសេសលើការអភិវឌ្ឍន៍ ធនធានមនុស្ស។ ខេត្តហៃណាន បានជួយបណ្តុះបណ្តាលធនធានព្រះសង្ឃកម្ពុជាប្រមាណ ៤០០ អង្គរួចមកហើយ។ គោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោក Luo មកកាន់កម្ពុជានាពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។
សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនជាពិសេស ខេត្តហៃណាន ដែលបានជួយបណ្តុះបណ្តាលព្រះសង្ឃកម្ពុជា ព្រមជាមួយ ការចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងការជួយ ដល់ខេត្តកំពង់ចាម៕