(រតនគិរី-មណ្ឌលគីរី)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កើតចេញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរនៃទំនាក់ទំនងការទូតដ៏រស់រវើករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកូរ៉េគ្រប់ជំនាន់ សមិទ្ធផលថ្មីនៃអគារសម្ភព និងទារកនៃមន្ទីរពេទ្យបង្អែក

ខេត្តរតនគិរី អគារសម្ភពមណ្ឌលសុខភាព អូរជុំ តាវែង និងអណ្តូងមាស នៃខេត្តរតនគិរី ព្រមទាំងអគារសម្ភពនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែក ខេត្តមណ្ឌលគីរី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញសម្ពោធអគារគាំពារមាតា និងទារក ខេត្ដរតនគិរី និងមណ្ឌលគិរី ដែលមានការអញ្ជើញចូលរួមពីលោក ប៉ាក ហឿនយុន (PARK Heung Kyung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, លោក Rho Hyunjun ប្រធានអង្គការ KOICA ប្រចាំកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មណ្ឌលគិរី មន្ដ្រីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។

លោករដ្ឋមន្ដ្រីសុខាភិបាលបានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល សម្ដែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ដែលបានទទួលអគារដ៏ថ្មីស្រឡាងចំនួន៥ខ្នង នាថ្ងៃនេះ។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ខ្ញុំនៅចាំបានថា យើងទាំងអស់គ្នាបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារគាំពារមាតា និងទារកនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ទោះបីជាពេលនោះបានប្រារព្ធធ្វើនៅខេត្តទាំងពីរ តែថ្ងៃនេះបានរៀបចំរួមគា្ន នៅខេត្តរតនគិរី។ អគារសម្ភព និងទារកថ្មីស្រឡាងទាំង៥ខ្នងនេះ កើតចេញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរនៃទំនាក់ទំនងការទូតដ៏រស់រវើករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកូរ៉េ គ្រប់ជំនាន់»

សមិទ្ធផលដ៏ធំធេងទាំងអស់នេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ជាដើម។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះ ឱ្យឋិតថេរជាអមតៈ។

សមិទ្ធផលថ្មីនាថ្ងៃនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមួយ សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-កូរ៉េ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប ដណ្តប់សេវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនគ្រប់រូប ពោលគឺមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនកូរ៉េ និងជាពិសេសស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងអង្គការ KOICA ដែលបានសម្របសម្រួលឱ្យកម្ពុជាទទួលនូវជំនួយដ៏ថ្លៃថ្លានេះ ជូនប្រជាជនខេត្តរតនគិរី និងខេត្តមណ្ឌលគីរី។

លោកក៏បានថ្លែងអំណរគុណដល់អង្គការ Good Neighbor និងសាកលវិទ្យាល័យ SOON CHUN HYANG ដែលជាអ្នកអនុវត្តគម្រោង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំសម្រេចការសាងសង់តាមកាលវិភាគដែលបានគ្រោងទុក។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយឧបត្ថម្ភ សហការ គាំទ្រការអនុវត្តគម្រោងសាងសង់អគារសម្ភព និងទារក បានសម្រេចដោយជោគជ័យ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានស្នើឯកអគ្គរដ្ឋទូត និងលោកប្រធានអង្គការ KOICA បន្តផ្តល់គម្រោងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងផ្នែកគាំពារមាតា និងទារក នៅក្នុងខេត្តភូមិភាគឥសានទាំងពីរនេះ ក្នុងការធានាបាននូវការផ្តល់សេវាទាន់ពេលវេលា ក៏ដូចជាកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

លោក ប៉ាក ហឿនយុន ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានថ្លែងថា «យើងនឹងបន្ដកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ពិសេសសិក្សាពីតម្រូវរបស់កម្ពុជា ហើយសូមសរសើរ និងអរគុណ ដែលកម្ពុជាបានផ្ដល់ការគំាទ្រ សម្របសម្រួលដល់កិច្ចសហប្រតិបត្ដិការកន្លងមកនេះបានយ៉ាងល្អ ដូចនេះយើងនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អដូចគ្នាដែរ»។

សូមជម្រា​បថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារខាងលើនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងភាគីកូរ៉េ ក៏បានដើរទស្សនកិច្ចក្នុងអគារសម្ភពថ្មីនេះ និងពិភាក្សាគ្នាបន្ថែមទៀត លើការពង្រឹងធនធានមនុស្ស និងសម្ភារៈបរិក្ខារពេទ្យ ដែលបានបំពាក់នៅក្នុងមន្ទីរពេទ្យ៕