(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីនាំមកនូវព័ត៌មានពិតពីតំបន់ទន្លេគង្គ ដែលរួមចំណែកមិនអាចខ្លះបានក្នុងការធ្វើឱ្យតំបន់មេគង្គរបស់យើងមានសន្តិភាព ស្ថិរភាព និងវិបុលភាព។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមថ្លែងសន្ទរកថា ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គលើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីបើកសិក្ខាសាលាបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ត្រង់ចំណុចនេះ លោកបណ្ឌិត គិន ភាព បានថ្លែងថា រដ្ឋាភិបាលនៃប្រទេសទាំង៦ តាមដងទន្លេមេគង្គ បានមើលឃើញពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការអភិវឌ្ឍធនធានមេគង្គ ដូច្នេះប្រទេសទាំង៦ នៃតំបន់មេគង្គ តែងតែបន្តពិភាក្សា ពិគ្រោះយោបល់គ្នា ចាប់យកបទពិសោធន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្របត្តិការគ្នា ចៀសជាងការជជែកដេញដោលគ្នាឥតន័យដែលបង្កឡើងដោយប្រទេសក្រៅតំបន់មួយចំនួន ដើម្បីបំភាន់មតិសាធារណៈ។
លោកបណ្ឌិត គិន ភា បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីនាំមកនូវព័ត៌មានពិត ពីតំបន់ទន្លេគង្គដែលរួមចំណែកមិនអាចខ្លះបានក្នុងការធ្វើឱ្យតំបន់មេគង្គរបស់យើងមានសន្តិភាព ស្ថិរភាព និងវិបុលភាព»។
បន្ថែមពីនេះអ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា បើសិនជាអ្នកសារព័ត៌មាននៅតំបន់មេគង្គ មិនយកចិត្តទុកដាក់ទេអាចមាននាំតំបន់ទន្លេមេគង្គ ឱ្យបញ្ហាធំទៅក្នុងបញ្ហានយោបាយនៅក្នុងប្រទេសតាមដងទន្លេមេគង្គ។
បើតាម លោក គី សុខលីម ទីប្រឹក្សាក្លឹបអ្នកាសែតកម្ពុជា បានលើកឡើងថា ទន្លេមគង្គ គឺជាទន្លេមួយដ៏អស្ចារ្យ ដូច្នេះ អ្នកសារព័ត៌មាននៅតាមបបណ្តាប្រទេសដងទន្លេមេគង្គនីមួយៗគួរតែធ្វើសេចក្តីរាយការណ៍ឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេមេគង្គ អាចយល់គ្នាបានអាចស្រឡាញ់គ្នាបាន តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ជាដើម។
លោក គី សុខលីម បានបន្តថា៖ «អ្នកសារព័ត៌មានអាចធ្វើអ្វីបានខ្លះសម្រាប់តំបន់ទន្លេមេគង្គរបស់យើងទាំងមូល អ៊ឹចឹងដើម្បីឱ្យសន្តិភាព ស្ថិរភាព ឬវិបុលភាព ខ្ញុំគិតថាតួនាទីរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ខ្លាំងមែនទែន យើងអាចធ្វើសេចក្តីរាយការណ៍ពីសក្តានុភាពរបស់តំបន់ទន្លេមេគង្គ ពីវប្បធម៌ ពីម្ហូបអាហារ...!»។
តំបន់មេគង្គ មានភាពងាយរងគ្រោះចំពោះឧបាយកល នៃការនិទានកថាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធ្វើឱ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ រំខានដល់សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមបំបែកពិភពលោកទៅជាប្លុកមនោគមវិជ្ជា និងអំណាច។
លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានចាប់ពង្រត់ដើម្បីគ្រប់គ្រងពិភពលោក ការប្រឌិត «ការបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និងអ្នកគាំទ្រប្លុកនយោបាយ និងការប្រឆាំងបក្សពួក ដែលជាចិត្តគំនិតនៃសង្គ្រាមត្រជាក់មួយបែប។
ប្រទេសមួយចំនួនកំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ម្ដងហើយ ម្តងទៀត ហើយបានប្រើអំណាចទាំងអស់របស់ពួកគេលើការទប់ស្កាត់ប្រទេសដែលមិនធ្វើតាមគំរូរបស់ពួកគេ។ ពួកគេតែងតែព្យាយាមបិទបាំងនូវភាពបរាជ័យ និងភាពវឹកវរក្នុងស្រុករបស់ពួកគេដោយបង្វែរការស្តីបន្ទោសទៅកាន់ប្រទេសផ្សេងទៀតដូចជាប្រទេសមេគង្គទាំង៦ ជាដើម។
លទ្ធិប្រជាធិបតេយ្យមិនមានសំណុំសា្ថប័នតែមួយគត់ និងលក្ខណៈពិសេសតែមួយគត់ដែលអាចអនុវត្តបានជាសកលនោះទេ។ ទម្រង់ជាក់លាក់ដែលលទ្ធិប្រជាធិបតេយ្យកើតឡើងក្នុងប្រទេសមួយត្រូវមានការជាប់ពាក់ព័ន្ធយ៉ាងទូលំទូលាយជាមួយនឹងស្ថានការណ៍នយោបាយសង្គម និងសេដ្ឋកិច្ចដែលមានស្រាប់នៅក្នុងប្រទេសនោះ។
គេមិនត្រូវសម្លឹងមើលលទ្ធិប្រជាធិបតេយ្យតែទៅលើមូលដ្ឋាននៃប្រព័ន្ធនយោបាយរបស់ប្រទេសដោយព្រងើយកន្តើយនឹងពិពិធភាព ឬភាពចម្រុះនៃអរិយធម៌នៃប្រទេសនោះបានឡើយ។
សង្គមក្នុងតំបន់មេគង្គ បង្ហាញឱ្យឃើញពីពិពិធភាពដ៏អស្ចារ្យ អរិយធម៌បុរាណ វប្បធម៌ សម្បូរបែប ភាពចម្រុះពណ៌ និងពិពិធភាព ប្រៀបដូចសួនច្បារដ៏ស្រស់បំព្រងប្រកបដោយផ្កាចម្រុះពណ៌ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងអរិយធម៌អាស៊ី ហើយឥឡូវនេះកំពុងរីកស្គុសស្គាយ ដោយការចាក់បញ្ចូលនូវថាមពលថ្មី។ គេមិនអាចយល់ និងស្គាល់តម្លៃនៃសង្គមមេគង្គដោយមិនមានការយល់ដឹងឱ្យស៊ីជម្រៅអំពីអរិយធម៌ពិសេសរបស់តំបន់នេះទេ ក្នុងករណីនេះប្រព័ន្ធផ្សព្វផ្សាយមានតួនាទីពិសេសមួយក្នុងការបង្ហាញការណ៍ពិតដែលទ្រទ្រង់ដោយអង្គហេតុច្បាស់លាស់អំពីតថភាពកំពុងកើតមានដល់សាធារណជន។
សូមជម្រាបថា សិក្ខាសាលានេះរៀចំឡើយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានអ្នកសារព័ត៌មានប្រមាណ៥០នាក់ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអ្នកជំនាញមកពីអូស្ត្រាលី៕