(ភ្នំពេញ)៖ ដោយមានប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម សន្និបាតសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌត្រូវបានរៀបចំឡើង នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៉ីអាន ខេត្តសានស៉ី សាធារណរដ្ឋប្រជាមានិតចិន។
លោក គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមសន្និបាតខាងលើ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។ សន្និបាតនេះ មានរបៀបវារៈសំខាន់ៗចំនួន៤គឺ៖
* ១៖ ការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈ
* ២៖ គ្រោងការងារសម្រាប់ឆ្នាំ២០២៣-២០២៤
* ៣៖ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ
* និង៤.ការអនុម័តសេចក្តីប្រកាសទីក្រុងស៉ីអាន នៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៉ី។
ជាមោទកភាពសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក គង់ វីរៈ ត្រូវបានអង្គសន្និបាត បោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការសម្រាប់អាណត្តិដំបូង របស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៉ី នាអាណត្តិឆ្នាំ២០២៣-២០២៤ ដោយសម្លេងភាគច្រើន។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលជាស្ថាបនិករបស់សម្ព័ន្ធ ភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៉ី។ សម្ព័ន្ធភាពនេះ បង្កើតឡើងក្នុងគោលបំណង រៀបចំយន្តការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ ក្នុងចំណោមប្រទេសអាស៉ី៕