(បន្ទាយមានជ័យ​)៖​ នៅវេលាម៉ោង ៣និង៣០នាទីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន​ធំ នៅចំណុចមុខក្លឹប MEXCLUB ស្ថិតក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបន្ត​ថា​ ជនសង្ស័យ​ឈ្មោះ សែតថាវុធ ឡាម៉ានី (Settawoot lamanee) ហៅ តាក់ អាយុ២៣ឆ្នាំ ជនជាតិថៃ​ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់ អូរព្រំដែន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងរួមមាន៖​ គ្រឿងញៀនប្រភេទ ក្រាមម្សៅពណ៌សថ្លា (ខេ) ចំនួន១៦៤កូនថង់កិប ទម្ងន់១៩១,២ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង (ម៉ាក IPHONE 13Pro ពណ៌ខ្មៅ), ប្រាក់បាត ចំនួន១០,០០០បាត, ប្រាក់ដុល្លារចំនួន ៣០០ដុល្លារ, នាឡិកាដៃ ម៉ាក IWATCH ពណ៌ស ចំនួន ០១គ្រឿង, សៀវភៅលិខិតឆ្លងដែន ចំនួន ០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Settawoot lamanee) ចំនួន ០១សន្លឹក,​ កាតទាហ៊ានថៃ ចំនួន ០១សន្លឹក,​ និងថង់ក្រដាសសម្រាប់ដាក់គ្រឿងញៀនចំនួន១។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឱ្យដឹងទៀតថា​ មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោងប្រហែល ២និង០០នាទីទាបភ្លឺថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមក្នុងក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជនសង្ស័យម្នាក់ជនជាតិថៃ បានយួរថង់ក្រដាសមួយ បម្រុងនឹងដើរចូលក្នុងក្លឹប តែក៏ត្រូវបានសន្តិសុខ មានការសង្ស័យ​ ហើយសុំឆែកក្នុងថង់ក្រដាសនោះ ក៏ឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំ (១៦៤កូនថង់) ដោយឃើញដូចនេះសន្ដិសុខក៏បានរាយការណ៍មកកម្លាំង មូលដ្ឋានអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ ជនសង្ស័យ​ បានសារ​ភាពថា​ រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ ​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​រួមទាំងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃពុធ​ ទី២៦​ ខែមេសា​ ឆ្នាំ​២០២៣​ អនុវត្តតាមនីតិវិធី​៕