(ភ្នំពេញ)៖ ដំណឹងដ៏រីករាយ! ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង ដោយរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មី ១ក្បាលទៀត នៅម៉ោង១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ ១សប្តាហ៍ កំពុងហែលជាមួយផ្សោតពេញវ័យ ២ក្បាលទៀត។

ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។

គួរឱ្យដឹងថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល។ ជាច្បាប់ធម្មជាតិកំណត់ សត្វផ្សោតអាចរស់បានត្រឹមអាយុ ៣០ឆ្នាំប៉ុណ្ណោះ ហើយការបង្កើតកូនវិញ គឺធ្វើឡើងរយៈពេល២ឆ្នាំម្ដង។ បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះ សត្វផ្សោតមានជាង៥០ក្បាល និងខេត្តស្ទឹងត្រែង មានជាង៣០ក្បាល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ បានចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនេះ គឺដើម្បីការពារ និងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត៕