(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានបន្តបំបាក់គូប្រជែង U-16 របស់ប្រ៊ុយណេ ដោយលទ្ធផល បច្ចេកទេស ២-០ ដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិឡាំពិក ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល B បណ្តោះអាសន្ននៃ ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U-16 ឆ្នាំ២០១៦។
ការលេងដ៏ស៊ីសង្វាក់គ្នា នៅពីមុខអ្នកទស្សនាផ្ទាល់ជិត ១ម៉ឺននាក់នោះ ក្រុមយុវជនថ្នាលគោព្រៃកម្ពុជា បានបើកការនាំមុខ១គ្រាប់មុននៅ នាទីទី៣៧ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ ស៊ាន សុភក្រ្ត មុនពេលមិត្តរួមក្រុម សៀង ចន្ធា បន្ថែមគ្រាប់ទី២នៅនាទី ទី៧៦។
៣ពិន្ទុបន្ថែមក្នុងជ័យជំនះលើកទី២ ក្នុងពូល B នេះដែរ បានធ្វើឲ្យ U-16 កម្ពុជា ឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នដោយមាន ៦ពិន្ទុ ក្រៅពីបានលត់ U-16 ឡាវ ៣-១ កាលពីរាត្រីថ្ងៃចន្ទ ទី១១ ខែកក្កដា។
១ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នៅថ្ងៃអាទិត្យ ទី១៧ កក្តដា ដែលក្រុមខ្លាំងមួយនេះទើបតែរកបាន ៣ពិន្ទុដំបូង ក្រោយបំបាក់ U-16 ទីម័រខាងកើត ៣-០ កាលពីរសៀលម៉ោង ៣៖៣០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕