(ក្រចេះ)៖ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានប្រារព្ធបិទសន្និបាតការងារជំរុញផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ពិធីនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្ត ដោយមានវត្តមានរបស់ក្រុមការងារថ្នាក់ជាតិ និងការចូលរួមពីលោកប្រធាន អនុប្រធានគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ក្រុង ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីមូលដ្ឋាន សរុបមានអ្នកចូលរួមប្រមាណជិត៥០០នាក់។
បន្ទាប់ពីលោក វ៉ា ថន ជាប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្តក្រចេះ បានថ្លែងបូកសរុបពីលទ្ធផលនៃសន្និបាត ដែលប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃកន្លះរួចមក លោក ធុន គ្រី អនុប្រធានប្រចាំការគណបក្សខេត្តក្រចេះ បានធ្វើការប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តក្រចេះរួមមាន៖
* បេក្ខជនពេញសិទ្ធិ៖ * បេក្ខជនបម្រុង៖
ទី១. លោក ព្រុំ សុខា ទី១. លោក អ៊ឹម ចាន់ថុល
ទី២. លោក ពេជ្រ ប៊ុនធិន ទី២. លោក រោង ឈង
ទី៣. លោក សរ ចំរុង ទី៣. លោក សាន់ ឡានីន។
ចុងបញ្ចប់នៃកម្មវិធី លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះតំណាងអង្គពិធីទាំងមូលបានថ្លែងមតិបូកសរុបសន្និបាតនិងធ្វើការផ្តាំផ្ញើឱ្យក្រុមការងារនិងគណបក្សខេត្តបន្តសហការគ្នាចុះពង្រឹងមូលដ្ឋានយ៉ាងសកម្មផុសផុល សំដៅច្បាមជាប់មូលដ្ឋាននិងប្រជាពលរដ្ឋអ្នកបោះឆ្នោត ដើម្បីជំរុញអនុវត្តផែនការសកម្មភាពជាក់ស្តែងរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត។
ជាបន្ទាន់និងចាំបាច់ ត្រូវយកចិត្តទុកដាក់ជាពិសេសការគ្រប់គ្រងសមាជិកបក្ស និងពង្រីកសមាជិកថ្មី បន្តធ្វើអំពើល្អនៅមូលដ្ឋាន និងដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ជួយយកអាសារទំនុកបំរុងជីវភាពប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីវិបត្តិផ្សេងៗឱ្យបានជាប់ជាប្រចាំ និងត្រូវពុះពាររក្សា ឧត្តមភាពប្រៀបឈ្នះរបស់គណបក្ស វាយសម្រុកផ្តាច់ព្រ័ត្រដើម្បីយកជ័យជំនះទាំងស្រុងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៕