(ភ្នំពេញ)៖ មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ ១២១,៧៣៦នាក់
* ខេត្តស្វាយរៀង ៩៣,៥៦០នាក់
* ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់
* ខេត្តបាត់ដំបង ៨១,៤៥៣នាក់
* ខេត្តកំពត ៦៥,៩១៥នាក់
* ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់
* ខេត្តសៀមរាប ៥០,៤២៨នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចំនួនភ្ញៀវជិត៨០ម៉ឺននាក់ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។

អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលមានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕