(ភ្នំពេញ)៖ មួយរយៈពេលធំកន្លងមកហើយ ដែលបក្សប្រឆាំងជួបគ្រោះធំៗជាបន្តបន្ទាប់ រហូតទាំងមន្ត្រីថ្នាក់ក្រោម ថ្នាក់កណ្តាលនិងថ្នាក់ ដឹកនាំកំពូល គឺស៊យនោះមហាស៊យ។ ម្នាក់ៗមានរឿងក្តីក្តាំវ័ណ្ឌក អ្នកខ្លះជាប់គុកនៅព្រៃស អ្នកខ្លះដាក់គុកខ្លួនឯងអ្នកខ្លះទៀតរត់ចោល ស្រុកចង់ វិលវិញក៏មិនបាន ធ្វើឱ្យសមាជិកសមាជិកាបក្សទាំងអស់បាត់បង់ជំនឿ ក្នុងការតស៊ូជាមួយគណបក្សកាន់អំណាចដើម្បីប្រកួត ប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨។ ប៉ុន្តែព្រោះតែមានអំពើឃាតកម្មលើបណ្ឌិត កែម ឡី បក្សប្រឆាំងកំពុងតែបានដៃក្នុងការលាបពណ៌ និងចោទដាក់រដ្ឋាភិបាល ហើយគេចាំអង្គុយ កើបផលយ៉ាងស្រួល។ នេះបានហៅថា លាភរត់ចូលពេលដែលយីអ៊ុនកំពុងដាក់មែន។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ដោយសារតែការចុះអន់ខ្សោយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង និងការលេចចេញព័ត៌មាន អំពីជម្លោះផលប្រយោជន៍ ការបែកបាក់គ្នា និងការហែកហួរគ្នា នៅក្នុងផ្ទៃក្នុងគណបក្ស បានធ្វើឱ្យសមាជិក និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ទាំងនៅក្នុងនិងក្រៅប្រទេស រត់ទៅគាំទ្រ គណបក្សផ្សេងៗ និងមួយចំនួនធំទៀត ត្រូវបានគេដឹងថា បានបែរមកគាំទ្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាបន្តបន្ទាប់។
ការដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រត់មកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយចំនួនធំនេះ ហើយដែលត្រូវ បានគេសង្ស័យថា លោក កែម ឡី អាចមានទំនាស់ជាមួយគណបក្សសង្គ្រោះជាតិ ព្រោះតែលោក គឺជាបុគ្គលដែលបានផ្ចុងផ្តើមឱ្យ មានការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានឡើង។ លោក កែម ឡី ថែមទាំងធ្លាប់ប្រាប់ថា ការបង្កើតគណបក្សមូលដ្ឋាននេះឡើង ព្រោះតែលោកមិនអាចជឿជាក់ និងទុកចិត្តលើការដឹកនាំ របស់គណបក្សមួយ នេះបាន។ លោកថាមេដឹកនាំបក្សប្រឆាំងនេះមិនព្រមកែប្រែ ឥរិយាបថរបស់ខ្លួន តាមការរិះគន់របស់លោកទាល់តែសោះ។
ប៉ុន្តែជាភ័ព្វសំណាង ការផ្ទុះឡើងនូវអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី បានក្លាយជាលាភសំណាងដ៏ធំធេងសម្រាប់គណបក្ស ប្រឆាំង។ បើនិយាយឱ្យចំទៅ គណបក្សប្រឆាំងនៅពេលនេះហាក់ដូចជា ត្រូវឆ្នោតលេខធំដូច្នេះដែរ ព្រោះថាក្រៅពីចំណេញ លើសាធារណមតិជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយការទម្លាក់កំហុសចោទប្រកាន់លើរដ្ឋាភិបាលនិងបក្សកាន់អំណាច ហើយនោះ បក្សប្រឆាំងគឺកាន់តែមានទឹកមាត់ប្រៃខ្លាំងឡើង ក្នុងការញុះញង់បរទេសឱ្យ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាថែមទៀត។
រឿងដែលបាបធ្ងន់នោះ គឺរឿងចោទប្រកាន់អ្នកនេះ អ្នកនោះថា ជាអ្នកជួលឃាតករ និងជាអ្នករៀបចំគម្រោងសម្លាប់លោក កែម ឡី។ ឆ្ងល់ណាស់ថា មកដល់ពេលនេះ សូម្បីតែសមត្ថកិច្ចដែលស៊ើបអង្កេតរឿងក្តីផ្ទាល់ ក៏នៅមិនទាន់ហ៊ានទម្លាយឱ្យដឹងពីការពិតផង ប៉ុន្តែបែរជាបក្សប្រឆាំង និងគ្នីគ្នានាំគ្នាបញ្ចេញ ព័ត៌មាន ចោទលើរដ្ឋាភិបាលគណបក្សប្រជាជន ថាជាអ្នករៀបចំទៅវិញ។ ឃាតកម្ម លើលោក កែម ឡី នៅតែជាអាថ៌កំបាំងនៅឡើយ ហើយមានតែក្រុម ដែលរៀបចំគម្រោងសម្លាប់លោក កែម ឡី ប៉ុណ្ណោះដែលដឹង ពីការពិតនេះ។
ទោះជាយ៉ាងណា ចង់ឬមិនចង់ មហាជនបានមើលឃើញថា គណបក្សប្រឆាំងបានចំណេញគ្រប់ទឹកទៅហើយ លើឃាតកម្មនេះដែល ប្រៀបដូចជា យីអ៊ុនកំពុងឡើងស្រឺតៗ ព្រោះប្រធានបទដ៏អាម៉ាស់ និងអាស្រូវបំផុតប្រចាំឆ្នាំ២០១៦ របស់លោក កឹម សុខា អនុប្រធាន បក្សប្រឆាំង ត្រូវបានគេផ្អាកនិយាយ ហើយរឿងរ៉ាវដ៏ចម្រូវចម្រាស នៃជម្លោះផ្ទៃក្នុងបក្សនេះ ក៏បានស្ងប់ស្ងាត់មួយពេលដែរ។ នេះហើយ ដែលហៅថា យីអ៊ុនឡើង ហើយបក្សប្រឆាំង កំពុងមមាញឹកកើបផលពីឃាតកម្មលើលោក កែម ឡី។ សម្រាប់គំនិតក្នុងការពិចារណា បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចដែលតាមដានរឿងឃាតកម្មនេះ គួរតែពិចារណានូវទ្រីស្តីរបស់ឆាវឆាវក្នុងរឿងសាមកុក ដែលនិយាយថា «បើចង់ដឹងថា អ្នកណាជាឃាតក ត្រូវវិភាគការស្លាប់នោះ ថាមានប្រយោជន៍ ដល់អ្នកណាជាងគេ»៕