(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដេីម្បីពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅបន្ត និងដេីម្បីត្រៀមខ្លួនការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេម ឆ្លងកាត់ខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ហឿ សុីយ៉ែម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពពាក់ព័ន្ធមានសមត្ថកិច្ច ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ និងសូមចូលរួមអប់អរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមយ៉ាងផុលផុសក្នុងពិធីសង្រ្កានថ្មី ដែលស្តែងឱ្យឃើញពីសាមគ្គីភាព និងភាពសប្បាយរីករាយរបស់កម្ពុជា ក្រោមដំបូលសន្តិភាព និងនយោបាយឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកក៏បានស្នេីដល់បងប្អូនទូទាំងខេត្តល្រចេះ បន្តរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមទទួលព្រឹត្តិការបើកកីឡារស៊ីហ្គេមលេីកទី៣២ ក្នុងទឹកដីនៃប្រទេសកម្ពុជា នៅពេលខាងមុខនេះ ហើយទន្ទឹមនោះខេត្តក្រចេះ ក៏បានកិត្តិយសទទួលភ្លើងអគ្គីជ័យកីឡានាថ្ងៃទី២៨ ខែមេសាខាងមុខនេះដែរ មិនត្រឹមតែប៉ុណ្ណោះជាភ័ពសំណាង ខេត្តក្រចេះ ក៏ទទួលបានស្ពានឆ្លងកាត់ទន្លេ១ខែ្ស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំពីរាជរដ្ឋាភិបាល ជាពិសេសផ្លូវខេត្តតភ្ជាប់ពីទីប្រជុំជនឆ្ពោះទៅទីតាំងរម្មណីយដ្ឋាន និងទីជនបទ ដើម្បីបង្កើនវិស័យសេដ្ឋកិច្ចខេត្ត និងប្រជាជនក្នុងមូលដ្ឋានខេត្តក្រចេះឱ្យកាន់តែប្រសេីរមួយកម្រិតទៀត៕