(រតនគិរី)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២៣នេះ បានអញ្ជើញសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានលុង ស្ថិតនៅស្រុកកូនមុំ ខេត្ដរតនគិរី ដែលជាអំណោយរបស់រដ្ឋាភិបាលរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងគូសាណូណិ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវអគារមណ្ឌលសុខភាពនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងភាគីជប៉ុនផងដែរ លោក ANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្មទូតប្រទេសជប៉ុនប្រចាំកម្ពុជា ថា្នក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តរតនគិរី ដែលបានទទួលអគារមណ្ឌលសុខភាពដ៏ថ្មីស្រឡាងមួយខ្នងនាពេលនេះ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង គូសាណូណិ»។
លោករដ្ឋមន្ដ្រីបានបន្ដថា វិស័យសុខាភិបាលខេត្ដ បានរីកចម្រើនគួរជាទីមោទនៈ ដូចជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយពុំមានករណីឆ្លងតាំងពីត្រីមាសទី២ ឆ្នាំ២០២២ រួមទាំងការចាក់វ៉ាក់សាំងកូវីដ១៩ មណ្ឌលសុខភាពចំនួន៨៥% មានអគ្គិសនីប្រើប្រាស់ ហើយមណ្ឌលសុខភាព ១០០% មានទឹកស្អាតប្រើ្រប្រាស់ (ទឹកអណ្ដូង) ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងគុណភាព ប្រសិទ្ធ សុវត្ថិភាព និងសមធម៌ នៃការផ្ដល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ជាក់ស្ដែងការសាងសង់អគារមណ្ឌលសុខភាពស្រែអង្គ្រង ដែលយើងទាំងអស់គ្នា ប្រើប្រាស់នាឱកាសនេះ។
«សមិទ្ធផលដ៏ធំធេងទាំងអស់នេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាពិសេសការរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព សង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់ជាដើម។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារ សន្តិភាពនេះឱ្យឋិតថេរជាអមតៈ»។លោកសាស្ដ្រាចារ្យបញ្ជាក់បន្ថែម។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបន្ដថា សមិទ្ធផលថ្មីនាថ្ងៃរនះ គឺជាចំណងដៃដ៏ថ្លៃថ្លា សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងកម្ពុជា-ជប៉ុន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប ដណ្តប់សវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនគ្រប់រូប ពោលគឺមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ជូនប្រជាជនខេត្តរតនគិរី និងថ្លែង អំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយឧបត្ថម្ភ សហការគាំទ្រការអនុវត្តគម្រោងសាងសង់អគារមណ្ឌលសុខភាព ស្រែអង្គ្រង បានសម្រេចដោយ ជោគជ័យ។ ជាពិសេសសម្តែងការកោតសសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាជន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ៕