(កំពង់ធំ)៖ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត ដែលកន្លងមកតែងតែចុះដានតាមពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហា សំណូមពរ និងតម្រូវការជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំនោះ ក៏បានប្ដេជ្ញានៅតែបន្តសកម្មភាពនេះតទៅទៀត ទោះបីមមាញឹកជាមួយនឹងការងាររដ្ឋបាលយ៉ាងណាក៏ដោយ ហើយប្រជាពលរដ្ឋក៏តែងសាទរថ្លែងអំណរគុណប្រកបដោយសេចក្ដីជឿជាក់។

អភិបាលស្រុករូបនេះតែងទទួលអនុវត្តភារកិច្ចរបស់ថ្នាក់ដឹកនាំ ដែលបានដាក់ឱ្យអនុវត្តយ៉ាងយកចិត្តទុកដាក់ ក្នុងនោះលោកអភិបាកស្រុកទទួលអនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការណែនាំដោយផ្ទាល់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ពិសេសទៀតនោះគឺការចង្អុលបង្ហាញរបស់អភិបាលខេត្តកំពង់ធំ មានលោក ងួន រតនៈ (អភិបាលខេត្តកំពង់ធំបច្ចុប្បន្ន) និងលោក សុខ លូ (អតីតអភិបាលខេត្តកំពង់ធំ) ជាដើម ក៏ដូចជាតែងប្រតិបត្តិតាមគោលនយោបាយ និងការងារដែលថ្នាក់លើគណបក្សប្រជាជនកម្ពុជាដាក់ចេញផងដែរ។ ទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក។ ប្រជាពលរដ្ឋក៏តែងសាទរចំពោះសកម្មភាពរបស់លោក និងថ្លែងអំណរគុណចំពោះលោក មន្ត្រីក្រោមឱវាទប្រកបដោយសេចក្ដីជឿជាក់ និងការគោរពស្រឡាញ់គ្រប់ៗគ្នា។

ទឹកចិត្តរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត គឺតែងតែគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ព្រួយបារម្ភពីប្រជាជនដែលមានជីវភាពខ្សត់ខ្សោយជានិច្ច។ គេនៅចាំបានថា នៅមុនពេលមានវិបត្តិជំងឺកូវីដ១៩ ក៏លោកចុះធ្វើការងារជាច្រើនដើម្បីប្រជាពលរដ្ឋ ដូចជា ហេដ្ឋារចនាសម្ពន្ធ ការប្រកបរបរកសិកម្ម ស្រែចម្ការ ប្រព័ន្ធធារាសាស្ត្រ ការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗ។ ស្ថិតក្នុងពេលមានការរាតត្បាតកូវីដ១៩ លោកមិនដែលសម្ងំយកសុខតែនៅក្នុងផ្ទះនោះឡើយ គឺលោកតែងឆ្លៀតចុះទៅដល់ខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ណែនាំពីវិធានការការពារខ្លួន អំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ព្រមទាំងមានអំណោយកំដរដៃខ្លះៗចែកជូនប្រជាពលរដ្ឋមិនដែលអាក់ខានឡើយ។ រាល់ប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ រដ្ឋបាលស្រុកតាំងគោក អាជ្ញាធរឃុំភូមិនៅមូលដ្ឋាន មន្ត្រីក្រោមឱវាទតែងពាំនាំផ្សព្វផ្សាយជូនប្រជាពលរដ្ឋមិនដែលធ្វេសប្រហែសឡើយ។

មកដល់ពេលប្រទេសជាតិរួចផុតពីវិបត្តិធ្ងន់ធ្ងរនោះ ក៏លោកអភិបាល ហាក់ ម៉ុងហួត នៅតែបន្តសកម្មភាពនេះជាមួយថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន ជូនកាលមានទាំងព្រះវត្តមានព្រះសង្ឃទៀតផង ដើម្បីចុះដានតាមពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហា សំណូមពរ និងតម្រូវការជូនប្រជាពលរដ្ឋ។ រាល់ពេលគ្រួសារប្រជាពលរដ្ឋណាមួយជួបបញ្ហា ឬការលំបាក ឱ្យតែលោកអភិបាលស្រុកទទួលដំណឹង គឺលោកនិងក្រុមការងារចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋភ្លាមៗតែម្ដង។

អ្វីដែលពិសេសនាពេលថ្មីៗនេះ គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ លោក ហាក់ ម៉ុងហួត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋយ៉ាងរីករាយក្រៃលែង ទិដ្ឋភាពប្រកបដោយភាពស្និទ្ធស្នាលណាស់។ ប្រជាពលរដ្ឋនៅឃុំភូមិណាក៏សាទរចំពោះវត្តមានរបស់លោកអភិបាលស្រុករូបនេះដែរ និងចូលរួមលេងកម្សាន្តដោយគ្មានការរើសអើងប្រកាន់អ្នកតូចអ្នកធំឡើយ។ ពេញមួយពេលបុណ្យចូលឆ្នាំថ្មីនោះ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ភាពសប្បាយរីករាយ គឺបានកើតឡើងដោយគ្មានក្ដីព្រួយបារម្ភ។ លោក ហាក់ ម៉ុងហួត និងប្រជាពលរដ្ឋបានមើលឃើញពីគុណតម្លៃនៃសម័យតេជោសន្តិភាពនេះគឺធំធេងក្រៃលែង ពីព្រោះសន្តិភាពនេះហើយដែលជាកត្តាដ៏វិសេសវិសាលបំផុតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ដោយការគិតគូរពីសុខមាលភាពមូលដ្ឋាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកអភិបាលស្រុកតាំងគោកបានសហការជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍-សន្ទុក ខេត្តកំពង់ធំ បានបន្តចុះពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

មិនតែប៉ុណ្ណោះ រាល់បញ្ហាដែលកើតមានលើប្រជាពលរដ្ឋ គឺលោកអភិបាលស្រុកតែងចុះដោះស្រាយទៅតាមសមត្ថកិច្ចយ៉ាងពេញចិត្ត ហើយចំពោះតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏លោកតែងដោះស្រាយជូន ឬក៏ស្នើទៅថ្នាក់លើដើម្បីដោះស្រាយបន្ត ក្នុងបុព្វហេតុបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាដែលនៅសេសសល់ លោកអភិបាលស្រុក និងក្រុមការងារនឹងបន្តដោះស្រាយបញ្ហាថែមទៀត ព្រមទាំងនៅបន្តសកម្មភាពចុះជួយតាមមូលដ្ឋាននេះតទៅមុខទៀតដែរ អ្វីដែលហៅថា ភាពនឿយហត់ និងការរិះគន់នោះ មិនមែនជាឧបសគ្គសម្រាប់លោកក្នុងការធ្វើសកម្មភាពមនុស្សធម៌ សង្គមធម៌ជាមួយប្រជាពលរដ្ឋជាទីស្រឡាញ់របស់លោកនោះឡើយ។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យខិតខំថែរក្សាសុខសន្តិភាព និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តនូវភាពសុខសាន្ត សុខដុមរមនីយ ការអភិវឌ្ឍក្នុងប្រទេស និយាយជារួម និងនៅមូលដ្ឋានស្រុកតាំងគោក និយាយដោយឡែក៕