(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Fumio Kishida បានចេញលិខិតសរសើរបុគ្គលពីររូប ដែលកំពុងបំពេញការងារនៅ កម្ពុជា ម្នាក់ជាជនជាតិជប៉ុន និងម្នាក់ទៀតជនជាតិខ្មែរ បន្ទាប់ពីពួកគេបានចូលរួមចំណែក ធ្វើការងារជួយជំរុញទំនាក់ទំនងរវាង កម្ពុជា-ជប៉ុន។ ការចេញលិខិតកោតសរសើរនេះ ត្រូវបានប្រកាសឲ្យដឹង ដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា បុគ្គលទាំងពីររូប ដែលរដ្ឋមន្រ្តីក្រសួងការបរទេសកោតសរសើរលើស្នាដៃក្នុងការជំរុញ ទំនាក់ទំនងកម្ពុជា-ជប៉ុននេះ រួមមាន៖ លោក កូជិ តេហ្សឹកា ទីប្រឹក្សា នៃវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ និងលោកស្រី ឡុច លក្ខ័ស្មី ប្រធានដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
លោក កូជិ តេហ្សឹកា នឹងទទួលបានលិខិតសរសើរ ចំពោះការរួមចំណែកជួយជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក រវាងជប៉ុន និងកម្ពុជា។ ដោយឡែកលោកស្រី ឡុច លក្ខ័ស្មី នឹងទទួលបានលិខិតសរសើរ ពីការរួមចំណែកក្នុងការ លើកស្ទួយការសិក្សាភាសាជប៉ុននៅប្រទេស កម្ពុជា។
ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា ពិធីប្រគល់លិខិតសរសើរនឹងរៀបចំនាពេលខាងមុខ តែមិនទាន់បញ្ជាក់ កាលបរិច្ឆេទច្បាស់លាស់ នៅឡើយទេ៕