(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពី «នីតិវិធីនៃការចុះបញ្ជី និងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់តំណាងចែកចាយស៉ីម៉ង់ត៍»។
សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ, លោក Jorge Baigorri អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា (CCMA),
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិកា នៃសមាគមនឧស្សាហកម្មសុម៉ង់តិ៍កម្ពុជា ព្រមទាំងមានកាអញ្ជើញចូលរួមពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ឋដារ, បុគ្គលិកជំនាញផ្នែកផ្តល់សេវាកម្មច្បាប់ពន្ធដារ នៃក្រុមហ៊ុន ឌីហ្វេឌីអិល DFDL មេគង្គ Cambodia និងតំណាងចែកចាយសីម៉ង់តិ៍របស់ក្រុមហ៊ុនផលិតស៉ីម៉ង់តិ៍ទាំង៥ ដែលជាសមាជិកនៃសមាគមសីម៉ង់តិ៍កម្ពុជាចូលរួមផងដែរ។
នាឱកាសនោះដែរ Jorge Baigorri បានថ្លែងថា សមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា គឺជាឧស្សាហកម្មមួយដែលបានផលិតស៉ីម៉ង់ត៍ដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា និងមានកម្មករប្រមាណ ១ម៉ឺននាក់ ដែលកំពុងធ្វើការងារនៅទូទាំងប្រទេស។ វិស័យស៉ីម៉ង់ត៍ គឺជាវិស័យមួយដែលបានបង់ពន្ធធំមួយផងដែរ។
អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជារូបនេះ ក៏បានបង្ហាញពីសកម្មភាពរបស់សមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះក៏បានធ្វើការរួមគ្នាជាមួយវិស័យឯកជនក្នុងស្រុកដើម្បីពង្រឹងលើវិស័យច្បាប់ ហើយការជួបជុំគ្នានៅថ្ងៃនេះនឹងធ្វើឱ្យការពង្រឹងវិស័យច្បាប់ក្នុងការបំពេញកាតព្វកិច្ចរបស់អ្នកវិនិយោគលើវិស័យស៉ីម៉ង់ត៍នៅកម្ពុជាផងដែរ។
លោក Jorge Baigorri បានបង្ហាញក្តីសង្ឃឹមថា ការចូលរួមពីសំណាក់មន្ត្រីជំនាញពន្ធដារ និងវិស័យឯកជនផ្នែកពន្ធដារ គឺជាការគាំទ្រយ៉ាងសំខាន់ទៅលើវិស័យឧស្សាហកម្មស៉ីម៉ង់ត៍នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាបន្ថែមទៀតជាដើម។
ដោយឡែកលោក អេង រតនា បានថ្លែងថា វិស័យឧស្សាហកម្មស៉ីម៉ង់ត៍ គឺជាវិស័យមួយដែលមានតម្រូវការខ្លាំង ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យសំណង់នានា។ លោកក៏បានណែនាំដល់អ្នកវិនិយោគលើវិស័យស៉ីម៉ង់ត៍ ដែលមិនទាន់ចុះបញ្ជីត្រឹមសូមអញ្ជើញទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពងាយស្រួលក្នុងរកស៉ីរបស់ខ្លួនសមទៅតាមច្បាប់។
សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីសំណាក់មន្ត្រីជំនាញរបស់មន្ត្រីជំនាញ លើច្បាប់ និងបញទបញ្ញាត្តិពាក់ព័ន្ធ, កាតព្វកិច្ចចុះបញ្ជីពន្ធដារ, នីតិវិធីចុះបញ្ជីពន្ធដារ, រយៈពេលផ្តល់សេវា ពន្ធប៉ាតង់ និងកម្រៃសេវា ជាដើម។
សិក្ខាសិលាដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងសមាគមនឧស្សាហកម្មសុម៉ង៉តិ៍កម្ពុជា ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យតំណាងចែកចាយស៉ីម៉ង់ត៍ ដែលមិនទាន់ចុះបញ្ជីពន្ធដារ ដោយពួកគាត់មិនបានយល់អំពីបញ្ជីគណនី ព្រមទាំងច្បាប់ពន្ធដារ ដល់ពួកគាត់ឱ្យបានយល់កាន់តែច្បាស់ជាដើម។ សិក្ខាសិលានេះមានការចូលរួមយ៉ាងផុលផុស ភាតរភាព ព្រមទាំងមានសំណួរ និងចម្លើយជាច្រើនផងដែរ។
សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុន ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ៕