(ភ្នំពេញ)៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាប់ខ្លួន ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា នៅផ្ទះសំណាក់យីហោ អៃសាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលត្រូវបានចាប់ខ្លួនឈ្មោះ Wang Yu Peng អាយុ២៨ឆ្នាំ និងឈ្មោះ Yuhnshu Peng អាយុ២៤ឆ្នាំ។ ខណៈជនរងគ្រោះ ឈ្មោះ Zhao Dong Bo អាយុ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលបូរីប៉េងហួត បឹងស្នោរ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនគ្មាន។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព៕