(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានចុះត្រួតពិនិត្យ និងដឹកនាំដោយផ្ទាល់ការហាត់សមក្បួនដឹកជញ្ជូនតាមតម្រាយផ្លូវជាក់ស្តែង ត្រៀមទទួលគណៈប្រតិភូកីឡា ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក៏បានជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសិង្ហបុរី អំពីកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអមក្បួនដំណើរជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខផងដែរ។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕