(ភ្នំពេញ)៖ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) ដើម្បីបម្រើឱ្យការផ្សព្វផ្សាយព័ត៌មាន ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ និងបទបញ្ជាពាក់ព័ន្ធនឹងបច្ចេកទេសថតរបស់អ្នកសារព័ត៌មាន។

សន្និសីទនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី ព្រឹកនៅមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ។

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕