(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា និស្សិតខ្មែររៀននៅស៊ូដង់ ចំនួន ៦នាក់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងរង់ចាំការជម្លៀសចេញពីប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ដោយសូមជម្រាបជូននូវបច្ចុប្បន្នភាព អំពីស្ថានភាពនិស្សិតខ្មែរ នៅក្នុងប្រទេសស៊ូដង់ ដូចតទៅ ៖
១៖ មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ។
២៖ តាមការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៉ី និងទំនាក់ទំនងជាប្រចាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប និស្សិតខ្មែរខាងលើ បច្ចុប្បន្ននេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៉ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។
៣៖ គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៉ី បាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីប្រទេសសូដង់ ឱ្យបានឆាប់តាមតែអាចធ្វើបាន។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងតែជួបវិបត្តិនយោបាយ និងសង្គ្រាម៕