(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាពលោក ស្រី សួន រដ្ឋលេខាធិការតំណាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ ក៏បានផ្តល់មតិផ្តាំផ្ញើ និងណែនាំដល់ សិក្ខាកាម រួមមាន៖
១៖ ប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងជាប្រយោជន៍ដល់ស្ថាប័ន និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី
២៖ គោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីសេចក្តីថ្លៃថ្នូ និងការគោរពស្រឡាញ់ពីសិស្សានុសិស្ស និងការផ្តល់តម្លៃពីស្ថាប័ន និងសង្គមជាតិ
៣៖ រួមគ្នាលើកស្ទួយការថែរក្សាវប្បធម៌កេរ្តិ៍តំណែលដូនតា បន្តសាបព្រូស បណ្តុះពូជអ្នកសិល្បៈ និងអ្នកជំនាញវប្បធម៌ ប្រកបដោយជំនឿចិត្ត ភាពស័ក្តិសិទ្ធ និងទទួលបានលទ្ធផលល្អ
៤៖ បន្តរៀនសូត្រ និងពង្រីកចំណេះដឹង និងសមត្ថភាពឱ្យស្របតាមបរិបទសង្គម ឌីជីតាល់
៥៖ ចេះមានគំនិតផ្តួចផ្តើម បង្កើតថ្មី និងជួយថ្នាក់ដឹកនាំអង្គភាព
៦៖ ត្រូវស្មោះត្រង់ និងតម្កល់ផលប្រយោជន៍អង្គភាព និងក្រសួងស្ថាប័នជាធំ
៧៖ រក្សាវិន័យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
៨៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅតាមអង្គភាព។
ជាចុងក្រោយ លោកផ្តាំថា ត្រូវយកចំណេះដឹងដែលសិក្សានៅថ្ងៃនេះ ទៅបំពេញចំណុចខ្វះខាត នៅអង្គភាព និងបន្តជួយផ្សព្វផ្សាយនិងបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដើម្បីរួមចំណែក បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕