(ភ្នំពេញ)៖ លោកស្រី កែម ថាវី បងស្រីបង្កើតរបស់លោក កែម ឡី បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកស្រី មិនដឹងពីការចាក់ថ្នាំខុសបច្ចេកទេសលើកសាកសពទេ គ្រាន់តែដឹងថា មានការចាក់ថ្នាំរក្សាសាកសពមានការយឺតយ៉ាវ។ លោកស្រីបន្តថា សាកសពលោក កែម ឡី គឺមានការប្រែប្រួលខុសពីថ្ងៃម្សិលមិញ ប៉ុន្តែមិនមានការប្រែប្រួលអ្វីច្រើនគួរឲ្យកត់សំគាល់ឡើយ។
យ៉ាងណាក៏ដោយបងស្រីបង្កើតរបស់លោក កែម ឡី អះអាងថា ការប្រែប្រួលសាកសព គឺជារឿងសាមញ្ញានោះទេ ពីព្រោះជាសាកសព ចង់មិនចង់ គឺត្រូវតែមានសភាពខុសពីមនុស្សរស់។
បញ្ជាក់ប្រាប់នៅមុននេះបន្តិច លោកស្រី កែម ថាវី បងស្រីបង្កើតរបស់លោក កែម ឡីឲ្យដឹងថា «ខ្ញុំមិនបានដឹងថា សាកសពប្អូនខ្ញុំ ចាក់ថ្នាំខុសបច្ចេកទេសអ្វីទេ គ្រាន់តែដឹងថា ដល់ពេលកំណត់ ត្រូវចាក់ថ្នាំរក្សាសាកសពបន្ត តែមិនបានចាក់ឲ្យទាន់ពេលវេលា។ តែខ្ញុំឃើញថា សភាពសាកសពរបស់ប្អូនខ្ញុំ គឺគ្មានអ្វីប្រែប្រួលខ្លាំងនោះទេ គឺធម្មតាទៅតាមសភាពសាកសពដែលរក្សាទុក»។
ការបញ្ជាក់របស់លោកស្រី កែម ថាវី បានធ្វើឡើងក្រោយពីមានការលើកឡើងពីព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនថា សាកសពរបស់លោក កែម ឡី គឺចាក់ថ្នាំខុសបច្ចេកទេសទើបធ្វើឲ្យសាកសព មានការប្រែប្រួលខ្មៅ និងហើមលឿន ខុសពីធម្មតា។
សូមជំរាបថា មហាជនជាពិសេស អ្នកគាំទ្ររបស់លោក កែម ឡី បានស្នើឲ្យគ្រួសារសព របស់លោក បន្តរក្សាសាកសពឲ្យបានយូរតាមដែលអាចធ្វើបាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចមកអុកធូប និងគោរពវិញ្ញាណក្ខន្ធបានក្នុងរយៈពេលយូរទៀត។
អ្នកស្រី កែម ថាវី បងស្រីបង្កើតរបស់ លោក កែម ឡី បានបញ្ជាក់ថា សាកសពលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដាទេ អាចនឹងរក្សាទុកបន្តទៀត។ អ្នកស្រីបន្តថា ការកំណត់ថា ថ្ងៃទី១៨ ខែកក្កដា គ្រាន់តែជាកាលបរិច្ឆេទទុកទេ តែមិនប្រាកដឡើយ អ្វីៗអាចនឹងមានការផ្លាស់ប្តូរតែលោកស្រី មិនបានបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរថា នឹងរក្សាទុករហូតដល់ ពេលណាឡើយ រង់ចាំការសម្រេចជាថ្មីម្តងទៀតសិន៕