(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាលាខេត្តព្រះសីហនុ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ «វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ស្អែកនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជក​របស់ធនាគារ ABA លើកឡើងថា «កម្មវិធីនេះបាន​ផ្តល់ឱកាសការងារល្អៗសម្រាប់បងប្អូន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់នៅ​ខេត្តព្រះសីហនុដោយពួកគាត់មានឱកាសបានជួបសម្ភាសន៏ផ្ទាល់ ក៏ដូចជាបានពិភាក្សាអំពីជីវិត​អាជីពការងារ ជាមួយខាងផ្នែកជ្រើសរើសបុគ្គលិក​ដែលមកពីស្ថាប័នផ្សេងៗគ្នា»។ កញ្ញាបន្ថែមថា បន្ថែមពីការសម្ភាសបេក្ខជនក៏មានឱកាសបានទទួលស្តាប់នូវអនុសាសន៏ល្អៗពីវាគ្មិន និងភ្ញៀវ​កិតិ្តយសរបស់កម្មវិធីផងដែរ។

សូមជម្រាបថា ឱកាសការងារសរុបក្នុងវេទិកាការងារនៅខេត្តព្រះសីហនុនាថ្ងៃស្អែកនេះ រហូតដល់ ១ ពាន់កន្លែង ពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៤ នឹងត្រូវផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ដូច្នេះ សូមសាធារណជន ពិសេសយុវជន ចូលរួមឲ្យ​បានច្រើនកុះករ និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់​ជាមួយតំណាងក្រុមហ៊ុនទាំង ១៤។

ក្រុមហ៊ុនធំៗទាំង ១៤ ដែលនឹងចូលរួមក្នុងវេទិកា​ការងារនេះរួមមាន៖ ក្រុមហ៊ុន RMA, Wing Bank, ធនាគារហត្ថាកសិករ, ធនាគារ ABA , ធនាគារ ហេង ហ្វឹង( ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, Hotel & Casino SIHATREASURE, អង្គការម្លប់តាប៉ាង, Bamboo Finance Plc, Tremulia, ក្រុមហ៊ុន Kofi., កោះឬស្សី Resort, Prince Supper Market និងក្រុមហ៊ុន Howard Jonhson។

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុង​សិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែក​បទពិសោធន៍ល្អៗពីសំណាក់វាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 017 467 423/ 017 871 807/ 096 2155 162 ៕