(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំមួយស្ដីពីការរៀបចំតម្រាយផ្លូវ និងសកម្មភាពទទួលដង្ហែព្រះអគ្គិជ័យកីឡាឆ្លងកាត់ខេត្តកំពង់ឆ្នាំង សម្រាប់ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមានមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រង់ចាំទទួលដង្ហែចំនួន៣០គោលដៅ តាមផ្លូវជាតិលេខ៥។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញ Fresh News ទទួលបាន។
នៅក្នុងសេចក្តីណែនាំខាងលើនេះ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង នឹងទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកពីរាជធានីភ្នំពេញ នៅចំណុចស្ពានក្រាំងពន្លៃព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយត្រូវដង្ហែក្បួនព្រះអគ្គិជ័យកីឡានេះមកកាន់ក្រុងកំពង់ឆ្នាំង វេទិកាសួន ច្បារដើមពោធិ៍មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១.២០០នាក់ នៅតាមចំណុច ១៧ គោលដៅ ដោយមានការរៀបចំពីមន្ទីរអប់រំយុវជននិងកី ឡាខេត្ត រដ្ឋបាលស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ។
នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ក្បួនដង្ហែនឹងឈប់សម្រាកពិសាបាយ នៅចំណុចសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ពេលរសៀលម៉ោង ១៣៖៣០នាទី ក្បួនដង្ហែនឹងហែមកកាន់វេទិកាមុខបញ្ជាការដ្ឋានកងរាជអាវុធហខេត្ត មានអ្នកចូលរួមជាង៤២៥៨នាក់។
អំពីការរៀបចំកម្មវិធីនៅវេទិកា មានអ្នកចូលរួមចំនួន២៦៣០នាក់ដោយមានលោកអភិបាលខេត្ត អានរបាយការណ៍ស្វាគមន៍និងសុន្ទរកថារបស់បេសកជនពិសេស នៃគណៈកម្មាធិការកីឡាជាតិ និងពិធីប្រគល់ទទួលព្រះអគ្គិជ័យកីឡាដោយបេសកជនពិសេស ជូនលោកអភិបាលខេត្ត ដង្ហែក្បួនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឆ្ពោះទៅអាសនៈតម្កល់នៅក្នុងព្រះវិហារវត្តអារញ្ញការាម ដោយមានការនិមន្តអបអរសាទរពីព្រះសង្ឃ១៥០អង្គ និងមន្ត្រីរាជការ ប្រជាពលរដ្ឋសិស្សានុ សិស្សចូលរួមដង្ហែសរុបមានចំនួន ២.១០០នាក់។
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានឹងដង្ហែចេញពីវត្តអារញ្ញការាមនៅម៉ោង ៦៖៣០នាទីព្រឹក ឆ្ពោះទៅកាន់ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាមួយខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមរង់ចាំទទួលដង្ហែអបអរសាទរចំនួន១៣គោលដៅ នៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ដែលមានអ្នកចូលរួមប្រមាណ៧.៩៦៨នាក់ និងគ្រប់គោលដៅទាំង ៣០ ក៏មានការប្រគំតន្ត្រីសម័យអបអរសាទរផងដែរ។
នៅក្នុងក្បួនដង្ហែខាងលើនេះដែរ ក៏មានរថយន្តស៉ីរ៉ែនរបស់នគរបាលខេត្តអមដោយម៉ូតូធំ៦គ្រឿង រថយន្តឆៃយ៉ាំ២គ្រឿង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានរថយន្តស៉ីរ៉ែនរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដង្ហែពីក្រោយក្បួន ១គ្រឿងផងដែរ។
អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវផងដែរដល់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៥ និងតម្រាយផ្លូវដង្ហែព្រះអគ្គិជ័យកីឡាសូមចូលរួមសំអាតបរិស្ថាន អនាម័យ សោភ័ណភាព និងចងទង់ជាតិទង់សាសនា ទង់ព្រះមហាក្សត្រទ្រង់ជ្វាលា ដើម្បីអបអរសាទរពិធីនេះឲ្យមានភាពអធិកអធម៕