(រតនគិរី)៖ គណៈកម្មការរុករកអដ្ឋិធាតុខេត្តរតនគិរី (កម្ពុជា) និងគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ (វៀតណាម) បានបើកកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីជូនដំណើរធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន០៧បន្ថែមទៀត ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងលោកស្រី ង្វៀង ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តយ៉ាឡាយ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ស៊ូ សិរី បានលើកឡើងថា ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តរតនគិរីនេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយ ដែលមានផែនការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមកន្លងមក គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះការៀបចំជូនដំណើរអដ្ឋិធាតុរបស់កងទ័ពស្ម័ក្រចិត្តវៀតណាម គណៈកម្មការទាំងពីរត្រូវរៀបចំឱ្យបានល្អដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ ដើមី្បបានជួបជុំក្រុមគ្រួសាររបស់ខ្លួន។
សូបញ្ជាក់ថា ការរៀបចំជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន០៧ ដែលរកឃើញ នៅរដូវប្រាំង២០២២-២០២៣នេះ គណៈកម្មការទាំង២ បានកំណត់យកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី៕