(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានណែនាំដល់ប្រធានការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ចំពោះតៃកុងរថយន្ត ឬគ្រឿងចក្រណា ដែលផឹកស្រាស្រវឹង ហាមដាច់ខាតមិនឱ្យឡើងបើកបរទេ ហើយក៏ហាមផងដែរមិនឱ្យមានអ្នកបើកបរជំនួស អ្នកណាតៃកុងរថយន្ត អ្នកណាតៃកុងគ្រឿងចក្រ អ្នកនោះជាអ្នកបើកបរ បើសិនជាមានការបើកបរជំនួសក៏ត្រូវធ្វើជាផ្លូវការដែរ។
ការណែនាំបែបនេះរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធានការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ជាច្រើនរូបទៀត។
លោក សំ លាងទ្រី បានថ្លែងប្រកបដោយមោទនភាពក្រៃលែង ដែលកិច្ចប្រជុំនាថ្ងៃនេះមានការចូលរួមយ៉ាងច្រើនពីបងប្អូនកម្មករនៅតាមការដ្ឋាននានា ព្រោះកន្លងមករាល់កិច្ចប្រជុំប្រចាំខែមានការចូលរួមតែពីប្រធានការដ្ឋានប៉ុណ្ណោះ ដូច្នេះថ្ងៃនេះបងប្អូនកម្មករអាចត្រួតពិនិត្យមើលលទ្ធផលការងារដែលយើងធ្វើកន្លងមកជាមួយគ្នា។
លោកក៏បានកោតសរសើរផងដែរដល់បងប្អូនកម្មករទាំងអស់នៅតាមការដ្ឋាននានា ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ធ្វើឱ្យការងាររបស់មន្ទីរទទួលបានលទ្ធផលល្អប្រសើរ។
បន្ទាប់ពីបានឈប់សម្រាកជាច្រើនថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពេលត្រឡប់ទៅការដ្ឋានវិញ ត្រូវខិតខំធ្វើការងារតាមជំនាញរៀងៗខ្លួន ត្រូវរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសត្រូវថែក្សាសម្ភារប្រើប្រាស់ឱ្យបានល្អដូចជារថយន្ត គ្រឿងចក្រជាដើម។
លោក សំ លាងទ្រី ក៏បានផ្តាំផ្ញើដល់ប្រធានការដ្ឋានទាំងអស់ ត្រូវមើលឱ្យច្បាស់ក្នុងករណី តៃកុងរថយន្ត ឬតៃកុងគ្រឿងចក្រណា ដែលផឹកស្រា ហាមដាច់ខាតមិនឱ្យឡើងបើកបរជាដាច់ខាត។ ម្យ៉ាងវិញទៀតតៃកុងរថយន្ត ឬតៃកុងគ្រឿងចក្រ មុនពេលឡើងបើកបរ ត្រូវដើរមើលមួយជុំរថយន្ត និងគ្រឿងចក្ររបស់ខ្លួនមិនថានៅទីកន្លែងណាក៏ដោយ និងហាមដាច់ខាតមិនឱ្យមានអ្នកបើកបរជំនួស អ្នកណាតៃកុងរថយន្ត ឬគ្រឿងចក្រ អ្នកនោះជាអ្នកបើកចំពោះបញ្ហាប្រេងឥន្ធនៈហាមបូមលក់ជាដាច់ខាត៕