(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងផ្សាយបន្ដផ្ទាល់ពីការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម នៅពីរទីតាំងផ្សេងគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកគាំទ្រអាចទស្សនាបាន នៅពេលមិនបានទៅទស្សនាដោយផ្ទាល់នាពហុកីឡដ្ឋាន។
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយទទួលបានអនុសាសន៍ណែនាំរបស់សម្ដេចតេជោ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំទីតាំងផ្សាយបន្ដផ្ទាល់ ចំនួនពីរកន្លែងរួមមាន៖
*ទីតាំងទី១៖ នៅលើសួនមុខវត្តបទុមវតី
*ទីតាំងទី២៖ នៅសួនច្បារមាត់ទន្លេ (ទល់មុខភោជនីយដ្ឋានម៉េត្រូ)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ ក្រោយចប់ការប្រកួតរវាងក្រុមឥណ្ឌនេស៊ី និងហ្វីលីពីន, នៅវេលាម៉ោង ៧យប់ U22 របស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវប៉ះ U22 ទីម័រខាងកើតផងដែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕