(បាត់ដំបង)៖ សម្តេចចៅហ្វាវាំងរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្តព្រះពុទ្ធពោធិញាណ ហៅវត្តអាងពោធិ៍ក្រុងបាត់ដំបង។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្ត, សមាជិកព្រឹទ្ធសភា, រដ្ឋសភា, កងកម្លាំង, ថ្នាក់ដឹកនាំមន្រ្តីរាជការនានាជុំវិញខេត្ត, យុវជន, ព្រះសង្ឃនិមន្តមកពីវត្តនានា ប្រចាំទិសទាំង៨ និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក សុខ លូ បន្ទាប់ពីលើកឡើងអំពីការអភិវឌ្ឍនានារបស់ខេត្ត លោកបានបញ្ជាក់ពីវិស័យសាសនានៅក្នុងខេត្តបាត់ដំបង ក៏មានការរីកចម្រើនផងដែរ ដែលមានវត្តចំនួន៣៨៥វត្ត ក្នុងនោះវត្តមហានិកាយ ៣៧០វត្ត និងវត្តធម្មយុត្តិកនិកាយ១៥វត្ត មានព្រះសង្ឃសរុបចំនួន ៥,៧៨៧អង្គ និងមានសាលាឆទាន៣៣កន្លែង រោងឧបោសថ ៣៨កន្លែង មណ្ឌលវិបស្សនា ២កន្លែង អាស្រម ១២កន្លែង និងអង្គការចវិតសាសនាថេរវាទ៥កន្លែង។ ក្រៅពីនោះ នៅមានវិហារសាសនាផ្សេងៗមួយចំនួនផង។
ចំពោះវត្តព្រះពុទ្ធពោធិញាណ ហៅវត្តរវាងពោធិ៍ ដែលកំពុងប្រារព្ធបញ្ចុះខណ្ឌសីមាពេលនេះ ក៏ត្រូវបានកសាងឡើងក្នុងអំឡុង ឆ្នាំ២០០៤ លើផ្ទៃដីទំហំ ៧,២៦៩.២០ម៉ែត្រការ៉េ ការផ្តួចផ្តើម និងជួយឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ដែលមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ដោយបានបំពេញបុណ្យកុសលចូលរួម នូវកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងវត្តនេះជាបន្តបន្ទាប់។
ជាពិសសសំណង់ ព្រះវិហារថ្មីនេះ ត្រូវបានចាប់ផ្តើមសាងសង់ នាដើមខែមេសា ឆ្នាំ២០១៤ ដែលមានទំហំ១៦ម៉ែត្រ គុណ១០ម៉ែទ្រ កម្ពស់៨ម៉ែត្រ ប្រក់ក្បឿង រចនាបទខ្មែរ កសាងរួចនៅខែកុម្ភៈ ឆ្នាំ២០២៣ អស់ថវិកាសរុបចំនួន១០៥,០០០ដុល្លារ ដោយមានការចូលរួមពីឧបាសិកា ហ៊ួរ ស៊ីម និងរួមសប្បុរសជននៅប្រទេសបារាំង មានថវិកាចំនួន៧០,០០០ដុល្លារ និងសប្បុរសជននៅក្នុងប្រទេស ដែលបានមកពីកម្មវិធីបុណ្យផ្សេងៗ ក្នុងវត្តមានថវិកាចំនួន៣៥,០០០ដុល្លារ។
សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធក្នុងខេត្ត ជួបតែសេចក្តីសុខ សប្បាយរីរាយ ទាំងអស់គ្នាតទៅ។
នាឱកាសនោះ សម្តេច គង់ សំអុល ក៏បានបំពាក់គ្រឿងឥស្សរយសដល់សប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងកាត់ខ្សែបូរ និងកាត់ឬស្សសីមាជាផ្លូវការ ដាក់ឲ្យប្រើប្រាស់តទៅផងដែរ៕