(កំពង់ចាម)៖ ប្រជាពលរដ្ឋមានលំនៅដ្ឋានប្រមាណ ៤ទីតាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការគម្រោងស្តារប្រឡាយមេសជ្រៃ ស្ថិតនៅក្នុងភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បច្ចុប្បន្នម្ចាស់លំនៅដ្ឋានទាំងនោះ បានឯកភាពជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញតាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយយល់ព្រមជីកកាយដី ដើម្បីស្ដារប្រឡាយ និងដាក់លូនៅមុខលំនៅដ្ឋានរបស់ខ្លួន។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការណែនាំពីលោក អ៊ុន ចាន់ដា, លោករួមជាមួយលោក ឃឹម ចិន្តា, លោក ស៊ាន សុគុន, លោក អៀង ថៃហុង អភិបាលរងស្រុកស្ទឹងត្រង់ និងក្រុមប្រឹក្សាឃុំ បានចុះពិនិត្យទីតាំង ស្តារប្រឡាយមេសជ្រៃ ជាលទ្ធផលឃើញថា បងប្អូនប្រជាពលរដ្ឋ បានឯកភាពសហការជាមួយអាជ្ញាធរ ទទួលយកក្នុងការកាយដី និងដាក់លូ តាមទីតាំងកំណត់ស្តារប្រឡាយនេះ។ ដោយឡែកខាងម្ចាស់ស្ថានីយ៍ប្រេងតេលា ក៏បានយល់ព្រមកាយដីដាក់លូមុខកាត់១ម៉ែត្រ ដោយខ្លួនឯង និងបានសន្យាខិតខំធ្វើឲ្យបានឆាប់រហ័សទៀតផង។

លោក អ៊ុម វិបុល ឲ្យដឹងទៀតថា គម្រោងស្តារប្រឡាយមេសរជ្រៃ ចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០២៣ មានប្រវែងសរុប១,២០០ ម៉ែត្រ លុះស្តារបានប្រវែង ៥៥០ម៉ែត្រ មន្ទីរធនធានទឹក និងឧុនិយមខេត្ត ក៏បានផ្អាកសិន ដោយមានម្ចាស់ដីឃ្លាំងទិញដំឡូង, ម្ចាស់ផ្ទះត្រចៀកកាំ និងម្ចាស់ស្ថានីយ៍ប្រេងតេលា មិនឯកភាពឲ្យកាយបន្ត។

ប៉ុន្តែក្រោយពីបានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកបានដឹកនាំក្រុមការងារ ចុះជួបជាមួយអ្នកពាក់ព័ន្ធដើម្បីរកដំណោះស្រាយ និងធ្វើកិច្ចសន្យា ទើបទទួលបានការឯកភាពគ្នាឲ្យដំណើរការបន្ត ដែលមានលទ្ធផលដូចពេលនេះ៕