(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

ក្រោយចប់ការប្រកួតរវាងក្រុមឥណ្ឌនេស៊ី និងហ្វីលីពីន, នៅវេលាម៉ោង ៧យប់ U22 របស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវប៉ះ U22 ទីម័រខាងកើតផងដែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជននោះ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «អភិបាលរាជធានី និងខេត្តទាំងអស់ដោយសារតែសាលប្រកួតរបស់យើងមានទំហំតូច ដែលអ្នកចូលរួមចង់មើលមានចំនួនច្រើន បងប្អូនបានលើកសំណូមពរមកខ្ញុំ ដោយសមហេតុ សមផល សូមឱ្យមានការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្តាតអូរឡាំពិក និងស្តាតមរតកតេជោ»

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៀតថា «សូមឯកឧត្តម លោកជំទាវ ជាពិសេស គឺអភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយឱ្យបងប្អូន មើលការផ្សាយបន្តផ្ទាល់ គឺរៀបចំឱ្យបានឆាប់បំផុត ដើម្បីឱ្យបងប្អូន អាចមានលទ្ធភាពមើលនៅទីកន្លែងមានការជួបជុំរៀបចំឱ្យបានត្រឹមត្រូវ ហើយការពារសណ្តាប់ធ្នាប់ឱ្យបានល្អ។ តាមបណ្តាខេត្តក៏ដូចគ្នា ដែលគ្មានឱកាសសម្រាប់មករាជធានីភ្នំពេញទេ អ្នកនិយមកីឡាបាល់ទាត់ គឺមានច្រើន ដូច្នេះសូមឱ្យឯកឧត្តមអភិបាលរាជធានី-ខេត្ត ធ្វើការខិតខំដើម្បីរៀបចំឱ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនេះតែម្តង»៕