(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនប៊ូយ៉ូង នឹងផ្តល់ថវិកាដល់កម្ពុជា សម្រាប់ទិញរថយន្តក្រុង១ពាន់គ្រឿង ដើម្បីពង្រីកបណ្តាញដឹកជញ្ជូនរបស់រដ្ឋទៅតាមខេត្ត និងជំរុញឱ្យសាធារណជនប្រើប្រាស់សេវាសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្តល់នូវជំនួយរថយន្តក្រុងបន្ថែម១ពាន់គ្រឿងទៀតនេះ គឺក្នុងគោលបំណងតភ្ជាប់បណ្ដាញដឹកជញ្ជូនរបស់ទៅតាមតាមបណ្ដាខេត្ត ដើម្បីជំរុញឱ្យសាធារណជនប្រើប្រាស់សេវាសាធារណៈ កាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដូចជា ម៉ូតូ ឬរថយន្ត ដែលចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «ដោយសារតែកន្លងទៅ ក្រុមហ៊ុន ប៊ូយ៉ុងបានផ្តល់នូវឡានក្រុងដល់សាលារាជធានីភ្នំពេញ ចំនួន២០០គ្រឿង។ អ៊ីចឹងដោយឃើញនូវប្រសិទ្ធភាពនៃរថយន្តក្រុង ដែលគាត់ផ្តល់ឱ្យយើង ហើយយើងបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅ ជាពិសេស យើងដឹកមនុស្សជាង៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំ ហើយដឹកដោយសុវត្តិភាពទៀត អត់មានអ្នកណាគ្រោះថ្នាក់នៅលើឡានក្រុងទេ។ ម្សិលមិញគាត់បានទៅជួបជាមួយខ្ញុំ គាត់សុំផ្តល់រថយន្តមួយពាន់គ្រឿងថែមទៀត ហើយមួយពាន់គ្រឿងនេះ គាត់សុំឱ្យយើងចាត់ចែងទៅតាមខេត្ត»

សម្តេចបានឱ្យដឹងថា ក្នុងការផ្តល់ជំនួយរថយន្ត១ពាន់គ្រឿង ក្រុមហ៊ុនប៊ួយ៉ុងនឹងប្រគល់ជាថវិកា ឱ្យកម្ពុជាជាអ្នកចាត់ចែងទិញរថយន្តក្រុងតែម្តង។ ហើយក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនទៅជួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដើម្បីរៀបចំ និងប្រគល់ថវិកាសម្រាប់ការទិញរថយន្តក្រុង។

ជាមួយនឹងការផ្តល់រថយន្តក្រុងសម្រាប់បម្រើដល់ការជញ្ជូននេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង ថែមទាំងសន្យាថា នៅ៥ឆ្នាំក្រោយរថយន្តក្រុងនេះ នឹងប្រែក្លាយទៅជារថយន្តអ៊ីដ្រូសែន ដែលនឹងធ្វើឱ្យមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋនឹងកាន់តែទាន់សម័យ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានសម្រេចផ្ដល់ជំនួយជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ (City Bus) ក្នុងរាជធានីភ្នំពេញ៕