(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារនាំយករថយន្តទេសចរណ៍ចំនួន៣គ្រឿង ដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ចំនួន៧២នាក់ និងឧបត្ថម្ភរាល់ការចំណាយលើការហូបចុកទាំងស្រុង ក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្តពី រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនរយៈពេលពេញ០១ថ្ងៃ។
គោលបំណង នៃដំណើរទស្សនកិច្ចកម្សាន្តនេះគឺ ដើម្បីឱ្យ យុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ទាំង៧២នាក់ បានមើលឃើញជាក់ស្តែងពីការអភិវឌ្ឍនៃការរីកចម្រើន របស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕