(ភ្នំពេញ)៖ ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រង លើការដឹកជញ្ជូនតាមផ្លូវដែក Royal Railway បានសម្រេចដំឡើងថ្លៃសំបុត្រ ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅព្រះសីហនុ ដោយឡើងថ្លៃ១ដុល្លារ។
ការសម្រេចឡើងថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ អ្នកធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តតាកែវ ដែលធ្លាប់ចំណាយទិញសំបុត្រ៣ដុល្លារ ឥឡូវឡើងដល់៤ដុល្លារ ចំណែកពីភ្នំពេញទៅកំពត តម្លៃពីមុន៤ដុល្លារ ត្រូវឡើងថ្លៃ៥ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុ ពីមុខថ្លៃ៦ដុល្លារ ត្រូវឡើងដល់៧ដុល្លារ។
ដំបូងឡើយក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Royal Railways បានកំណត់យកថ្លៃសំបុត្រពីភ្នំពេញទៅតាកែវ៥ដុល្លារ ពីភ្នំពេញទៅកំពត៦ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុថ្លៃ៨ដុល្លារ ប៉ុន្តែក្រោយមកបានបញ្ចុះតម្លៃ ពីភ្នំពេញទៅតាកែវថ្លៃ៣ដុល្លារ ពីភ្នំពេញទៅកំពត៥ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុតម្លៃ៦ដុល្លារ។
ជាមួយគ្នានេះ សម្រាប់សេវាដឹកជញ្ជូនម៉ូតូ រថយន្ដ ក៏ត្រូវបានដំឡើងថ្លៃផងដែរ ដែលពីមុខរថយន្ដមួយគ្រឿងតម្លៃ១០ដុល្លារ ត្រូវដំឡើងដល់១៤ដុល្លារ ម៉ូតូពី៤ដុល្លារ ឡើងដល់៥ដុល្លារ ខណៈកង់នៅតម្លៃ២ដុល្លារដដែល។
អ្នកលក់សំបុត្ររថភ្លើងរបស់ក្រុមហ៊ុន Royal Railway បានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកក្កដានេះថា ការសម្រេចដំឡើងថ្លៃនេះ ត្រូវបានក្រុមហ៊ុនចាប់ផ្ដើមអនុវត្តន៍ តាំងពីថ្ងៃទី០១ ខែកក្កដា មកម៉្លេះ ហើយខ្លួនមិនបានដឹងពីមូលហេតុ ដែលថ្នាក់លើសម្រេចដំឡើងថ្លៃសំបុត្រនេះនោះឡើយ។
អ្នកលក់សំបុត្រដដែលបានបញ្ជាក់ថា ការធ្វើដំណើរតាមរថភ្លើង ទទួលបានការពេញនិយមយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ ដែលចងទៅទស្សនាខេត្តជាប់មាត់សមុទ្រ ព្រះសីហនុ។
ការធ្វើដំណើរតាមរថភ្លើង ត្រូវបានដាក់ឲ្យដំណើរការវិញ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេលរាប់សិបឆ្នាំ។ ក្រុមហ៊ុន Royal Railway កំណត់យក៣ថ្ងៃក្នុងមួយសប្ដាហ៍ គឺថ្ងៃសុក្រ សៅរ៌ និងថ្ងៃអាទិត្យ ដើម្បីដឹកជញ្ជូនអ្នកដំណើរ ដោយថ្ងៃសុក្រ ចេញដំណើរពីភ្នំពេញនៅម៉ោង៣រសៀល និងថ្ងៃសៅរ៌ និងអាទិត្យ ចេញដំណើរពីភ្នំពេញនៅម៉ោង៧ព្រឹក៕