(កំពង់ធំ)៖ ការរាតត្បាតនៃជម្ងឺកូវីដ១៩ នាឆ្នាំ២០២០ និង២០២១កន្លងមក ព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុន ធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួន បានជួបការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយ ឥតគិតថ្លៃគឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។

ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោកអភិបាលស្រុក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិ បារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែល អាជ្ញាធរភូមិឃុំ ចុះជាប្រចាំក្នុងមូលដ្ឋានដើម្បីក្តាបបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន។

លោកបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ  សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់ បានមួយកម្រិត។

លោកក៏បានបន្តទៀតការចុះពិនិត្យព្យាបាល នេះជាសកម្មភាពបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាពនៅដែលក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើបាន៨ឃុំ ពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតា បាន ៣,២៧៦នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀត៕