(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនរបស់អ្នកលេងហ្វេសប៊ុកឈ្មោះ ស៊ន តារា ដែលសម្តេចចាត់ទុកជាក្មេងពាល។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បុគ្គល ស៊ន តារា បាននិយាយក្រឡេចក្រឡុចមិនប្រាកដប្រជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលមិនរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបាន ស៊ន តារា និយាយថា មកពីរាជរដ្ឋាភិបាលខ្វះថវិកា ដល់ពេលរាជរដ្ឋាភិបាលមិនយកថ្លៃគណៈប្រតិភូមកព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបាន ស៊ន តារា និយាយថា ម៉េចមិនយកថវិកាទៅជួយអ្នកក្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលណាមួយ អញហៅឪហ្អែងម៉ែហ្អែង មកប្រដៅ អញហៅប្អូនថ្លៃហ្អែង ពាក់ស័ក្តិ៤ទៀត។ ឪហ្អែង ពាក់ស័ក្តិ ៤កន្លះ។ ហ្អែង កុំភ្លេចថា អញដកគ្រវាត់ចោលទាំងអស់»

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការហួសចិត្ត ដែលបុគ្គល ស៊ន តារា ចាត់ទុកខ្លួនឯងថា គឺជា «ឥន្ទ្រិយក្បែរអាចម៍គោ» ដែលនេះមានន័យថា ស៊ន តារា បានចាត់ទុកឪពុកម្តាយរបស់ខ្លួន គឺជាអាចម៍គោ។ សម្តេចតេជោ លើកឡើងថា បើសិនជាឪពុកម្តាយ ស៊ន តារា គឺជាអាចម៍គោ ស៊ន តារា ខ្លួនឯងក៏ជាអាចម៍គោដែរ។

សូមជម្រាបថា ថ្មីៗនេះ ឪពុកម្តាយរបស់ លោក ស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូន ដែលមិនស្តាប់​បង្គាប់ឪពុកម្តាយ។ លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន តារា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»

សកម្មជន ស៊ន តារា បានចាកចេញទៅរស់នៅប្រទេសបារាំង ទន្ទឹមគ្នាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងដទៃទៀត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ក្រោយរស់នៅក្រៅប្រទេស លោកបានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន វាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឲ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែសកម្មជនរូបនេះ ពុំបានស្តាប់នូវការអំពាវនាវរបស់ឪពុកខ្លួនទេ។

ថ្មីៗនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយឆ្លង និងបានរិះគន់ លោក ស៊ន តារា ថាកំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កូនមិនស្តាប់ឪពុកម្តាយ ហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចនោះទេ៕