(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឲ្យកម្ពុជាមាននោះទេ តែការមិនយក នឹងធ្វើឲ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងប្រមូល ក៏វាអត់ក្លាយជាអ្នកមាន, បើយើងមិនប្រមូល យើងផ្ដល់ឱកាសឲ្យមនុស្សច្រើនណាស់ ចូលមកក្នុងស្រុកខ្មែរ ស្គាល់ពីខ្មែរ ហើយថ្ងៃក្រោយ ខ្ញុំមានជំនឿថា ប្រទេសមួយចំនួន ក្នុងក្របខណ្ឌដៃគូអាស៊ានរបស់យើង គេនឹងអាចផ្ដល់នូវភាពបដិការចំពោះយើងវិញ»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតប ទៅអ្នកដែលទិតៀនពីក្រៅប្រទេសថា កម្ពុជាអត់លុយ ប្រជាជនរកលុយមិនបាន បែរជាអត់ព្រមយកលុយគេ ដោយសម្ដេចនិយាយថា អ្នកឯងគិត តាមរបៀបអ្នកឯង នៅក្រៅប្រទេសចុះ ប៉ុន្តែសម្ដេចគិតតាមសម្ដេច ខណៈនៅសល់តែ១០ថ្ងៃទៀត ស៊ីហ្គេមនឹងចាប់ផ្ដើម ហើយស៊ីហ្គេមនៅកម្ពុជានេះ គឺឥតគិតថ្លៃទាំងអស់។

បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើឲ្យចាំមើលផងដែរ នូវផលប្រយោជន៍ដែលកម្ពុជា ត្រូវចំណាយប្រមាណ៧លានដុល្លារបន្ថែម ដើម្បីផ្គត់ផ្គង់ ឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹករបស់ប្រទេសក្រៅ មកលេងនៅកម្ពុជា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕