(បន្ទាយមានជ័យ)៖ អ្នកវិនិយោគអភិវឌ្ឍន៍លំនៅឋានជាច្រើន នៅតែមានទំនុកចិត្តលើភាពរឹងមាំ នៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជឿថា សន្ទុះនៃអំណាចទិញនៅក្នុងទីផ្សារអចលនទ្រព្យនឹងងើបជាប្រក្រតីឡើងវិញនាពេលឆាប់ៗនេះ ហើយកំពុងបង្កើតក្តីសង្ឃឹមរបស់ពួកគេដោយចាប់ផ្តើមបន្តបោះទុនវិនិយោគលើវិស័យនេះបន្ថែមទៀត បើទោះបីជាស្ថានសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារសម្ពាធអតិផរណាខ្ពស់ជាសកល។
យ៉ាងណាមិញ ខេត្តបន្ទាយមានជ័យ ត្រូវបានគេចាត់ទុកថា ជាតំបន់សក្តានុពលវិនិយោគដ៏សំខាន់ទាំង៦ របស់កម្ពុជា នាពេលបច្ចុប្បន្ន ដោយសារខេត្តនេះ មានច្រកព្រំដែនដោះដូរទំនិញ និងទេសចរដ៏មមាញឹកជាច្រើនជាប់ ប្រទេសថៃ។
ចំណែករាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងតែត្រូវបានអនុវត្ត ខណៈខេត្តព្រះសីហនុ កំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ដោយឡែកខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត ហើយនៅក្រុងបាវិត ខេត្តស្វាយរៀង ជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម។
ជាក់ស្តែង ដោយមើលឃើញពីសក្តានុពលនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនក្រុមហ៊ុន ធីធីភីឡែន បានប្រកាសសម្ពោធជាផ្លូវការនូវគម្រោងដីឡូតិ៍ និងវីឡាទោល របស់ខ្លួននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងពីធីសម្ពោធគម្រោងអចលនទ្រព្យនេះថា ក្នុងកាលៈទេសៈ និងវិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យ បានការធ្លាក់ចុះតែពេលនេះកំពុងមានសន្ទុះឡើងវិញ នៅខេត្តបន្ទាយមានជ័យ ការវិនិយោគគម្រោងលក់ដីឡូតិ៍ និងលំនៅឋាន ដែលបានធានានូវបរិយាកាសគួបផ្សំនឹងលក្ខណៈសម្បត្តិភូមិសាស្គ្រល្អប្រសើរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ស្របពេលដែលប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍមានការរីកចម្រើន ជាពិសេសវិស័យអចលនទ្រព្យត្រូវផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់រូបគ្មានការព្រួយបារម្ភ ភាពជឿជាក់ និងជាទំនុកចិត្ត គួបផ្សំជាមួយកត្តាជីវភាពកាន់តែល្អប្រសើរនេះ ហើយប្រជាពលរដ្ឋមានការកើនឡើងនូវតម្រូវការលំនៅដ្ឋានដែលកាន់តែប្រណីត ភាព និងគុណភាព មិនតែប៉ុណ្ណោះ អចលនទ្រព្យត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់មួយរបស់កម្ពុជា»។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៥,៨ភាគរយនៅឆ្នាំ២០២៣នេះ ដែលស្ថិតក្នុងចំណោមប្រទេសមានសម្ទុះកំណើនខ្ពស់បំផុតលំដាប់ទី២នៅអាស៊ាន និងស្ថិតក្នុងលេខរៀងទី១៤ នៅលើពិភពលោក៕